(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានបញ្ចេញរូបភាពដំបូងបង្អស់ នៃប្រហោងខ្មៅ ឬហៅជាភាសាអង់គ្លេសថា Black Hole ដែលស្ថិតនៅកណ្តាលកាឡាក់ស៉ី Milky Way របស់យើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។
ប្រហោងខ្មៅនោះមានឈ្មោះថា ស៉ីហ្គីតថារៀស-អេ (Sigittarius A*) និងជាប្រហោងខ្មៅទី២ នៅក្នុងចក្រវាឡ ដែលមនុស្សលោកយើង ផ្តិតយករូបភាពបាន គិតមកទល់ពេលនេះ។ ការផ្តិតយករូបភាពរបស់ប្រហោងខ្មៅ Sigittarius A* ត្រូវបានសម្រេចបានដោយ ក្រុមកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្តាញតេឡេស្កូបសកល អ៉ីវិន ហូរ៉ៃហ្សូន (Event Horizon Telescope ឬ EHT)។ កាលពីឆ្នាំ២០១៩ ក្រុមកិច្ចសហប្រតិបត្តិការអន្តរជាតិនេះហើយ ដែលបានបញ្ចេញរូបភាពប្រហោងខ្មៅដំបូងគេបំផុត។ វាជារូបភាពរបស់ប្រហោងខ្មៅមួយផ្សេងទៀត ស្ថិតនៅ កាឡាក់ស៉ីហៅថា ម៉េស៉ីអឺ-៨៧ (Messier 87)។
គួរបញ្ជាក់ថា កាឡាក់ស៉ី Sigittarius A* មានម៉ាសច្រើនជាងម៉ាសព្រះអាទិត្យដល់ទៅ ៤ពាន់លានដង ហើយស្ថិតនៅចម្ងាយខ្ទង់ ២៦,០០០ឆ្នាំពន្លឺពីផែនដី។ ប្រហោងខ្មៅគឺជាវត្ថុក្នុងទីអវកាស ដែលមានកម្លាំងទំនាញខ្លាំងក្លាបំផុត សូម្បីតែពន្លឺក៏មិនអាចរត់ចេញពីពួកវាបានដែរ ដូច្នេះយើងការផ្តិតយករូបភាពវត្ថុទាំងនេះ មិនមែនជារឿងងាយស្រួលនោះទេ៕