(ស៊ីដនី)៖ ប្រទេសអូស្រ្តាលី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា នាវាស៊ើបការណ៍សម្ងាត់ចិនមួយគ្រឿង បានបង្ហាញខ្លួននៅឯឆ្នេរសមុទ្រភាគខាងលិច ក្បែរមូលដ្ឋានការពារជាតិដ៏សំខាន់មួយរបស់អូស្រ្តាលី ដោយសកម្មភាពនេះ បានបង្កើនក្តីបារម្ភពីសកម្មភាពរបស់ចិននៅក្នុងតំបន់ ចំពេលដែលអូស្រ្តាលីកំពុងរៀបចំការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសសុន (Scott Morrison) បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «នាវាកងទ័ពជើងទឹកចិន មិនបានចូលក្នុងដែនទឹករបស់អូស្រ្តាលីទេ ប៉ុន្តែវត្តមាននៃនាវានេះបាន បង្កជាការព្រួយបារម្ភសម្រាប់អូស្រ្តាលី»។ លោក ម៉ូរីសសុន បន្ថែមថា «វាច្បាស់ណាស់ថាជា នាវាស៊ើបការណ៍ ហើយនាវានោះសម្លឹងករកយើង ដូច្នេះយើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់វិញដែរ»។
គួរបញ្ជាក់ថា ភ្លាមៗជុំវិញការលើកឡើងនេះ ស្ថានទូតចិនប្រចាំអូស្រ្តាលី មិនបានឆ្លើយតបចំពោះសំណើសុំ អត្ថាធិប្បាយនោះទេ។ អូស្រ្តាលីបានតាមឃ្លាំមើលនាវាយោធាចិនខាងលើ ពេញមួយសប្តាហ៍កន្លងទៅនេះ នៅពេលវាធ្វើដំណើរឆ្លងកាត់ស្ថានីយទំនាក់ ទំនងទ័ពជើងទឹកមួយកន្លែងរបស់អូស្រ្តាលី ដែលត្រូវបានប្រើប្រាស់ដោយនាវាមុជទឹកអូស្រ្តាលី អាមេរិក ប្រទេសសម្ព័ន្ធមិត្តដទៃទៀត និងចំពេលដែលអូស្រ្តាលីត្រៀមរៀបចំការបោះឆ្នោត នៅថ្ងៃទី២១ ខែឧសភា ខាងមុខនេះ៕