(បែរឡាំង)៖ ប្រធានគោលនយោបាយសហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ដែលកំពុងជាប់គាំង ត្រូវបានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីកិច្ចពិភាក្សា ដែលទើបកើតឡើងនាពេលថ្មីៗនេះ នៅទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Alarabiya News នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។
ដំណឹងខាងលើ ត្រូវបានប្រកាសដោយលោក Borrell ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯកិច្ចប្រជុំនៃបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ G7 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។ «កិច្ចចរចាបានជាប់គាំង តែឥឡូវនេះ វាត្រូវបានបើកដំណើរការឡើងវិញហើយ។ ម៉្យាងវិញទៀត ក៏មានលទ្ធភាពថា អាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ក្នុងពេលឆាប់ៗផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហភាពអឺរ៉ុបទើបតែបានចាត់បញ្ជូន មន្រ្តីសម្របសម្រួលមួយរូប ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ ដើម្បីជជែកអំពីកិច្ចចរចានុយក្លេអ៊ែរអ៉ីរ៉ង់ ដែលបានជាប់គាំង។ ដំណើរការចរចាស្តីពី ការព្យាយាមស្តារកិច្ចព្រមព្រៀង JCPOA បានចាប់ផ្តើមតាំងតែពីខែមេសា ឆ្នាំ២០២១ ប៉ុន្តែបានជាប់គាំងរាប់ខែមកហើយ ដោយសារ ភាគីអ៉ីរ៉ង់និងសហរដ្ឋអាមេរិក មិនអាចព្រមព្រៀងគ្នាបានលើបញ្ហាសំខាន់ៗចំនួន៕