(វ៉ាស៉ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk បានប្រកាសថា កិច្ចព្រមព្រៀងតម្លៃ៤៤ពាន់លានដុល្លារ ស្តីពីការទិញយកប្រព័ន្ធ Twitter គឺត្រូវផ្អាកជាបណ្តោះអាសន្នសិន បន្ទាប់ពីលោកបានចោទសួរអំពី ចំនួនគណនីក្លែងក្លាយនៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

លោក Musk បានប្រាប់ថា រូបលោកកំពុងរង់ចាំទទួលព័ត៌មានលម្អិត ដែលអាចគាំទ្រចំពោះការអះអាងដែលថា សព្វថ្ងៃនៅលើ Twitter មានគណនីក្លែងក្លាយ មិនដល់៥ភាគរយឡើយនោះ។ ក្រោយសេចក្តីប្រកាសរបស់លោក Elon Musk ភាគហ៊ុនរបស់ប្រព័ន្ធ Twitter ក៏បានដាំក្បាលចុះផងដែរ។ បើតាមលក្ខខណ្ឌ ប្រសិនបើលោក Musk សម្រេចដើរចេញពីកិច្ចព្រមព្រៀងតែម្តងវិញនោះ លោកត្រូវបង់ប្រាក់១ពាន់លានដុល្លារ ឱ្យភាគីម្ខាងទៀត។

គួរបញ្ជាក់ថា កាលពីជិត២សប្តាហ៍មុន Twitter បានរាយការណ៍ថា គណនីក្លែងក្លាយ មានត្រឹមក្រោម៥ភាគរយប៉ុណ្ណោះនៃ ចំនួនគណនីអ្នកប្រើប្រាស់ជាសកម្មប្រចាំថ្ងៃ កំលុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២២នេះ។ លោក Musk ដែលបើតាមទស្សនាវដ្តី Forbes គឺជាបុគ្គលមានជាងគេបំផុតលើលោក នាពេលបច្ចុប្បន្ន គឺកំពុងតែចង់ដឹងឱ្យប្រាកដអំពីតួលេខនេះ៕