(អាប៊ុយដាប៊ី)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ឧត្តមក្រុមប្រឹក្សាសហព័ន្ធរបស់អេមីរ៉ាត់អារ៉ាប់រួម បានបោះឆ្នោតជ្រើសតាំង ព្រះអង្គម្ចាស់ ម៉ូហាំម៉ាដ ប៊ីន ហ្សៃយីដ អាល់ ណាយ៉ាន (Sheikh Mohammed bin Zayed al-Nahyan) ជាប្រធានាធិបតីថ្មី នៃប្រទេសអារ៉ាប់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២។

ក្រុមប្រឹក្សាខាងលើដែលប្រមូលផ្តុំ ក្រុមព្រះអង្គម្ចាស់ជាប្រមុខដឹកនាំ នៃអេមីរ៉ាត់ទាំង៧ ដែលបង្កើតបានជាសហព័ន្ធអេមីរ៉ាត់អារ៉ាប់រួមនោះ បានមូលមតិគ្នាបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ ម៉ូហាំម៉ាដ មានព្រះនាមហៅកាត់ថា MbZ ក្រោយការសោយទិវង្គតកាលពីថ្ងៃសុក្រសប្តាហ៍នេះ របស់ប្រធានាធិបតីមុន គឺព្រះអង្គម្ចាស់ កាលីហ្វា ប៊ីន ហ្សៃយីដ (Sheikh Khalifa bin Zayed) ដែលត្រូវជាបងប្រុសរបស់ទ្រង់។

គួរបញ្ជាក់ថា ការឡើងកាន់អំណាចរបស់ព្រះអង្គម្ចាស់ Mohammed កើតឡើង ចំពេលដែលទំនាក់ទំនងយូរអង្វែងរបស់ អេមីរ៉ាត់អារ៉ាប់រួម ជាមួយសហរដ្ឋអាមេរិក បានជួបភាពល្អក់កករ ដោយសារការហាក់ដកខ្លួនឃ្លាតឆ្ងាយ របស់ទីក្រុងវ៉ាស៉ីនតោន ពីក្តីបារម្ភផ្នែកសន្តិសុខរបស់បណ្តាសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន ហើយមួយទៀតនោះ គឺស្របពេលដែលក្រុមលោកខាងលិច កំពុងព្យាយាមស្វែងរកការគាំទ្រពីតំបន់មជ្ឈិមបូព៌ា ដើម្បីជួយដាក់សម្ពាធទៅលើរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន៕