(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល (Yoon Suk-yeol) បាននិយាយថាប្រទេសរបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយកូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល COVID-19 ហើយនៅតែបន្តបើកចំហទ្វារជំនួយមនុស្សធម៌សម្រាប់ទីក្រុងព្យុងយ៉ាង។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។

លោក យូន ស៊ុក យុល ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយនៅឯសម័យប្រជុំសភាពេញអង្គ នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើកូរ៉េខាងជើង ស្នើឱ្យសុំជំនួយពីពួកយើង យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការផ្ដល់ថ្នាំពេទ្យ ក្នុងនោះរួមមានទាំងវ៉ាក់សាំងបង្ការ COVID-19, បរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាលផងដែរ»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាខាងលើដដែល លោក យូន ក៏បានសង្កត់ធ្ងន់ដែរថាលោកនឹងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅក្រោមផែនការសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ខណៈ លោក ចូ បៃដិនគ្រោងនឹងបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ៕