(ប៉េកាំង)៖ ពេលជួបពិភាក្សាការងារជាមួយលោក Olaf Scholz អធិការបតីអាល្លឺម៉ង់តាមប្រព័ន្ធវីដេអូនិងសន្ទនាគ្នា តាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងដោយឡែកពីគ្នា កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា នឹងគាំទ្រប្រទេសអឺរ៉ុបក្តាប់ជាប់សន្តិសុខរបស់អឺរ៉ុបក្នុងដៃរបស់ខ្លួន ។

រយៈពេលពីរខែបានកន្លងផុតទៅហើយ ប៉ុន្តែការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន មិនត្រឹមតែគ្មានតម្រុងត្រូវបន្ធូរបន្ថយប៉ុណ្ណោះទេ ថែមទាំងក៏មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ចំពោះប្រទេសដទៃទៀតផងដែរ។ អឺរ៉ុបបានអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឥតឈប់ឈរ ក្រោមការញុះញង់របស់សហរដ្ឋអាមេរិក ហើយបានរងផលប៉ះពាល់បកមកវិញយ៉ាងធ្ងន់ធ្ងរ។ ឧទាហរណ៍ដូចជា ការខ្វះស្បៀងអាហារ ការកើនឡើងនៃចំនួនជនភៀសខ្លួន ការកើនឡើងនៃចំនួនមនុស្សអត់ការងារធ្វើ និងការឡើងថ្លៃយ៉ាងខ្លាំងនៃតម្លៃទំនិញ។ល។ បញ្ហាប្រឈមខាងសន្តិសុខរបស់អឺរ៉ុបមានភាពកាន់តែលេចធ្លោ។

ក្នុងនោះ បញ្ហាសន្តិសុខថាមពលគឺពិបាកដោះស្រាយបំផុត។ កាលពីថ្ងៃទី១០ខែឧសភាតាមម៉ោងក្នុងតំបន់ អ៊ុយក្រែនបានបង្ហាញថា នឹងផ្អាកចរាចរណ៍ឧស្ម័នធម្មជាតិនៅស្ថានីយ៍ផ្ទេរកណ្ដាលមួយ ប៉ុន្តែឧស្ម័នធម្មជាតិរុស្ស៊ីដែលត្រូវដឹកជញ្ជូនទៅកាន់អឺរ៉ុប ដោយឆ្លងកាត់អ៊ុយក្រែនចំនួន១ភាគ៣ សុទ្ធតែត្រូវឆ្លងកាត់ស្ថានីយ៍ផ្ទេរនេះ។ នេះគឺមានន័យថា សហភាពអឺរ៉ុបបានប្រឈមមុខនឹងគ្រោះថ្នាក់ «ផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិ» មុនពេលដាក់ចេញវិធានការដាក់ទណ្ឌកម្មទៅលើប្រេងកាត និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី។ អឺរ៉ុបត្រូវបង់ដើមទុនកាន់តែខ្ពស់ដើម្បីបំពេញបន្ថែមនូវកង្វះខាតខាងថាមពលដោយខានពុំបាន នេះនឹងបណ្តាលឱ្យតម្លៃទំនិញកើនឡើង បង្កើនដើមទុនរបស់សហគ្រាស និងកាត់កម្សោយកម្លាំងប្រកួតប្រជែងរយៈពេលយូរ នៃឧស្សាហកម្មអឺរ៉ុបថែមមួយកម្រិតទៀត។

ព្រមពេលជាមួយគ្នានេះ ដោយសារសហរដ្ឋអាមេរិកបានយកសាំងមកចាក់លើភ្លើង ឥតឈប់ឈរបានជាសន្តិសុខតំបន់អឺរ៉ុប បានប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំង។ កាលពីថ្ងៃទី៩ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារជាតិ ដែលសំដៅចំពោះអ៊ុយក្រែន ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិក ពន្លឿនការផ្តល់សព្វាវុធដល់អ៊ុយក្រែន។ កាលពីថ្ងៃទី១០ ខែឧសភា សភារាស្ត្រអាមេរិកបានអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយប្រហែល ៤ម៉ឺនលានដុល្លារអាមេរិក បន្ថែមទៀតដល់អ៊ុយក្រែន។ ឥស្សរជនវិភាគបានលើកឡើងថា ក្នុងបរិបទដែលសហរដ្ឋអាមេរិកបដិសេធ មិនជំរុញការចរចាសន្តិភាព និងផ្តល់អាវុធដល់អ៊ុយក្រែនឥតឈប់ឈរ លទ្ធភាពលេចចេញ «របាំង» នៅអឺរ៉ុបជាថ្មីឡើងវិញ បានកើនឡើងយ៉ាងច្បាស់លាស់ ។

អឺរ៉ុបត្រូវការប្រាជ្ញានិងភាពក្លាហាន កាន់តែច្រើនឡើងៗ ដើម្បីសម្រេចបាននូវសុខសន្តិភាពនិងវិបុលភាព។ «ត្រូវប្រុងប្រយ័ត្នជាពិសេស កុំឱ្យកកើតទៅជាការបដិបក្ខជាក្រុម ដែលនឹងបង្កការគំរាមកំហែងកាន់តែធំ និងកាន់តែយូរចំពោះសន្តិសុខសកល»។ គំនិតផ្តួចផ្តើមរបស់ភាគីចិនដូចពោលខាងលើ ទទួលបានការឯកភាពពីលោក Emmanuel Macron ប្រធានាធិបតីបារាំង។ លោក Macron បានថ្លែងយ៉ាងច្បាស់លាស់ ក្នុងកិច្ចជំនួបជាមួយលោកប្រធានរដ្ឋចិន Xi Jinping លើកនេះថា បារាំងនិងសហភាពអឺរ៉ុបនឹងប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដ៏ឯករាជ្យម្ចាស់ការ ហើយមិនឯកភាពនិងមិនចូលរួម ការបដិបក្ខជាក្រុមនោះទេ។

នៅរយៈពេល៧២ឆ្នាំមុន លោក Robert Schuman រដ្ឋមន្ត្រីការបរទេសបារាំងកាលនោះបានដាក់ចេញ «ផែនការធ្វើអាជីវកម្មរួមខាងធ្យូងថ្មនិងដែកថែបអឺរ៉ុប» នេះត្រូវគេចាត់ទុកថា ជាការចាប់ផ្តើមនៃដំណើរសមាហរណកម្មអឺរ៉ុបខាងលិច បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ នៅថ្ងៃនេះរហូតដល់រយៈពេលកាន់តែយូរនៅពេលអនាគត «ទ្វីបអឺរ៉ុបរបស់ប្រជាជនអឺរ៉ុប» វាមិនត្រឹមតែជាគោលដៅ អភិបាលកិច្ចរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវក្លាយជាប្រតិបត្តិការជាក់ស្តែងផងដែរ៕