(ឡូសអាន់ជេលែស)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារ នៅឯព្រះវិហារមួយកន្លែង ស្ថិតក្នុងតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សម្នាក់ បាត់បង់ជីវិត ហើយ៥នាក់ទៀត ទទួលរងរបួស មុនពេលជននោះ ត្រូវគេព្រួតគ្នាចាប់សង្រ្គប់ ដើម្បីបញ្ឈប់សកម្មភាពវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។

ហេតុការណ៍ខាងលើ បានកើតឡើងកំលុងកម្មវិធីទទួលទានអាហារពេលថ្ងៃត្រង់ នៅឯព្រះវិហារមួយកន្លែង ស្ថិតក្នុងទីក្រុង ឡាហ្គូណា វូដ (Laguna Woods) នៃរដ្ឋ California។ ប៉ូលិសអាមេរិកបាននិយាយថា ប្រជាជនសាមញ្ញដែលមានវត្តមាននៅទីនោះ បានបង្ហាញវីរភាព និងភាពក្លាហានពិសេសអស្ចារ្យ ក្នុងការធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់សកម្មភាពជនសង្ស័យ ខណៈច្បាស់ណាស់ការធ្វើយ៉ាងដូច្នោះ បានជួយទប់ស្កាត់មិនឱ្យមានមនុស្សរងគ្រោះ និងបាត់បង់ជីវិត ច្រើនថែមទៀត។

យ៉ាងណាមិញ មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុផ្ទាល់ ខណៈ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងម្នាក់បានរងរបួសស្រាល ហើយអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅពេលកើតហេតុ មានវត្តមានមនុស្សប្រហែលពី ៣០-៤០នាក់ នៅក្នុងព្រះវិហារនោះ ហើយសុទ្ធតែជាអ្នកមានដើមកំណើតអាស៉ី រួមទាំងខ្មាន់កាំភ្លើងផ្ទាល់ផងដែរ ដែលមានអាយុខ្ទង់៦០ឆ្នាំ។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរអាមេរិក ពួកគេមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីចេតនារបស់ជនសង្ស័យ ឬក៏ថាតើជននោះ មានគោលដៅដែលកំណត់ទុកដែរឬអត់ ឬមួយក៏ករណីនេះ ជាអំពើស្ពប់ខ្ពើមរើសអើង ឬយ៉ាងណា។ ជនសង្ស័យត្រូវគេដឹងថា មិនមែនជាអ្នករស់នៅក្នុងតំបន់នោះឡើយ ខណៈកាំភ្លើងខ្លី២ដើម ត្រូវបានរកឃើញ នៅកន្លែងកើតហេតុ៕