(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទបាននិយាយថា រុស្ស៊ីមិនមានបញ្ហាជាមួយប្រទេសហ្វាំងឡង់ និងស៊ុយអែតទេ ប៉ុន្តែថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីរបស់ពួកគេ នឹងទាមទារឱ្យមានប្រតិកម្មពីទីក្រុងមូស្គូ ខណៈដែលប្រទេសទាំងពីរនេះខិតជិតចូលជាសមាជិកអង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។

លោក ពូទីន បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំកំពូល នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដឹកនាំដោយរុស្ស៊ី (CSTO) នៅទីក្រុងមូស្គូ។ លោកបាននិយាយថា ការពង្រីកខ្លួនរបស់ណាតូ គឺជាបញ្ហាសម្រាប់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៉ីរូបនេះបានបន្តថា សហគមអន្តរជាតិត្រូវតែពិនិត្យមើលឱ្យដិតដល់ឡើងវិញ នូវអ្វីដែលលោកបានធ្លាប់និយាយថា អង្គាការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺមានផែនការបង្កើតសមត្ថិភាពយោធារបស់ខ្លួនដើម្បីបង្កើនឥទ្ធិពលនៅទូទាំងសកលលោក៕