(សេអ៊ូល)៖ កូរ៉េខាងជើង បានចល័តយោធារបស់ខ្លួនដើម្បីចែកចាយថ្នាំព្យាបាលជំងឺ COVID-19 និងដាក់ពង្រាយបុគ្គលិកសុខាភិបាលច្រើនជាង ១០,០០០នាក់ ដើម្បីតាមដានអ្នកជំងឺដែលមានរោគសញ្ញា ខណៈប្រទេសមួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, យោធាកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយភ្លាមៗ ដើម្បីធ្វើការចែកចាយថ្នាំពេទ្យ ក្នុងរដ្ឋធានីព្យុងយ៉ាង ជាកន្លែង ផ្ទុះរាលដាលនៃមេរោគនេះ តាមបទបញ្ជារបស់លោក គីម ជុងអ៊ុន។ ដោយឡែក មនុស្សចំនួន ២៦៩,៥១០នាក់ ទៀត ចេញរោគសញ្ញាគ្រុនក្តៅ នាំឱ្យចំនួន អ្នក មានរោគសញ្ញាគ្រុនក្ដៅសរុប កើនឡើងដល់ ១,៤៨៣,០៦០នាក់ ខណៈដែលអ្នកស្លាប់បានកើនឡើងដល់៥៦នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ។ ប៉ុន្តែចំនួនឆ្លង COVID-19 សរុបទូទាំងប្រទេស មិនត្រូវបានរាយការណ៍ទេ។

គួរបញ្ជាក់ថា កូរ៉េខាងជើងដែលត្រូវបានចាត់ទុកថាជាប្រទេសដ៏ឯកោមួយនេះ កំពុងប្រឈមនឹងការព្រួយបាម្ភអំពីការខ្វះខាតវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្រ្ត ខណៈការរាលដាលនៃជំងឺកូវីដ ១៩ បានបង្កើត វិបត្តិសាធារណៈ បន្ថែមលើសេដ្ឋកិច្ចរបស់ខ្លួន៕