(ស៊ីដនី)៖ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោកស្រី ណាណាយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង ស្ថាប័នក៏ដូចជាបុគ្គល នៅក្នុងវិស័យការពារជាតិរបស់ប្រទេសបេឡារុស រួមទាំងលោកប្រធានាធិបតី អាឡិចសាន់ដឺ លូកាសឈិនកូ (Alexander Lukashenko) ផងដែរ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី Mahuta បានលើកឡើងយ៉ាងដូច្នេះថា «យោធានៃរដ្ឋាភិបាលបេឡារុស កំពុងអនុញ្ញាតឱ្យមានការវាយប្រហារដោយខុសច្បាប់ និងមិនអាចទទួលយកបាន ទៅលើអធិបតេយ្យភាពរបស់អ៊ុយក្រែន»។ សេចក្តីថ្លែងការដដែលបានបន្ថែមថា «ក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី លូកាសឈិនកូ, ទឹកដីបេឡារុសត្រូវបានប្រើប្រាស់ ដើម្បីបើកការវាយប្រហារចូលអ៊ុយក្រែន។ ហេតុដូចនេះនូវែលសេឡង់ ថោ្កលទោសអ្នកពាក់ព័ន្ធទាំងអស់ដែលជួយរុស្ស៉ី និងអំពាវនាវដល់បេឡារុស ឲ្យបោះបង់ការគាំទ្រនេះជាបន្ទាន់»

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មីនេះ នឹងមានគោលដៅលើបុគ្គលចំនួន២៧នាក់ រួមទាំងក្រុមថ្នាក់ដឹកនាំយោធាបេឡារុស ជាច្រើនរូបផងដែរ។ ដោយឡែក សម្រាប់រុស្ស៉ីវិញ មកទល់ពេលនេះ នូវែលសេឡង់ បានដាក់ទណ្ឌកម្មលើពលរដ្ឋរុស្ស៉ី ចំនួន ៦៥០នាក់ រួមទាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន, សមាជិកសភា និងក្រុមហ៊ុនធំៗចំនួន៥៥ ផងដែរ៕