(ញូវយ៉ក-ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានអញ្ជើញដោយប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ (UN) ដើម្បីទៅចូលរួម នៅក្នុងវេទិកាត្រួតពិនិត្យទេសន្តរប្រវេសន៍អន្តរជាតិ (International Migration Review Forum) ឬIMRF លើកទី១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (New York) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ការអញ្ជើញកម្ពុជាទៅ គឺដើម្បីចែករំលែកបទពិសោធន៍ ការអនុវត្តកតិកាសញ្ញា ស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ក្នុងវេទិកាវាយតម្លៃការងារអភិបាលកិច្ចទេសន្តរប្រវេសន៍អន្តរជាតិ (IMRF) លើកទី១ របស់អង្គការសហប្រជាជាតិ (UN) នេះតែម្តង។

លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា ចាប់តាំងពីបានអនុម័តកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និង ស្របច្បាប់ (Global Compact for Safe, Ordery and Regular Migration) ឬ GCM នាទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុក នាខែធ្នូ ឆ្នាំ២០១៨ មក អង្គការសហប្រជាជាតិ ដែលមានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ជាតំណាង បានរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សាជាបន្តបន្ទាប់ ជាថ្នាក់អន្តរជាតិ ថ្នាក់តំបន់ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្របតាមស្ថានភាពជាក់ស្តែង នៃការរាតត្បាតដោយជំងឺកូវីដ-១៩ ។

ដោយឡែកព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់បញ្ចូល ក្នុងក្រុមនៃប្រទេសជើងឯក ឬជ័យលាភី (Champion Country) ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកនេះ ដោយកម្ពុជាបានអនុវត្តគ្រប់លក្ខខណ្ឌ និងបានប្រឹងប្រែងឆ្លើយតបទៅនឹងគោលបំណងជាអាទិភាព ដែលបានកំណត់ដោយកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) និងបានចូលរួមគ្រប់ដំណើរការនៃការរៀបចំ និងអនុវត្តន៍ ដើម្បីធ្វើឲ្យសម្រេចគោលដៅទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា បញ្ហាចំណាកស្រុក នូវតែជាបញ្ហាប្រឈមដែលត្រូវដោះស្រាយជាសមូហភាព និងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា ការធ្វើចំណាកស្រុកគឺជាជម្រើស ជាជាងភាពចាំបាច់។

សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់ UN ដែលត្រូវបានអនុម័ត តាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឱ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាត UN ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉ក ដែលមានសមាជិកចូលរួមចំនួន ១៥២ប្រទេស។

UN បានផ្តល់ជ័យលាភីដល់កម្ពុជា (Champion Country) ក្នុងការអនុវត្ត GCM នៅឆ្នាំ២០២០ ដែលមានន័យថា កម្ពុជាទទួលបានជំនួយពី UN ក្នុងការគ្រប់គ្រងការងារទេសន្ដរប្រវេសន៍។ នេះបើតាមលោកស្រី ជូ ប៊ុនអេង៕