(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហើបពីលទ្ធភាពនៃការធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ឬក៏អាចធ្វើតេស្ដទាំង២តែម្ដង កំលុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងសប្តាហ៍នេះ។ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

លោក ស៊ូលីវ៉ាន បានប្រាប់សន្និសីទសារព័ត៌មាននៅឯសេតវិមានយ៉ាងដូច្នេះថា «ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើងជឿថាកូរ៉េខាងជើង អាចនឹងធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ ឬនុយក្លេអ៊ែរកូរ៉េខាងជើង នៅថ្ងៃដែល លោកប្រធានាធិបតីទៅដល់ ឬបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ លោក មកកាន់តំបន់អាស៊ី»។ លោក ស៊ូលីវ៉ាន់ បន្ថែមថា «យើងកំពុងរៀបចំដើម្បីត្រៀមសម្រាប់គ្រប់ស្ថានការណ៍ រួមទាំងការបង្កហេតុណាមួយ កំលុងពេលយើងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ឬ ជប៉ុន ហើយសហរដ្ឋអាមេរិកក៏កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយប្រទេសទាំងពីរ លើបញ្ហានេះ និងបានពិភាក្សាជាមួយសមភាគីចិនអំពីបញ្ហាកូរ៉េខាងជើងរួចហើយដែរ»

គួរបញ្ជាក់ថា បើតាមសេតវិមាន, ប្រសិនបើមិនមានការប្រែប្រួលនោះទេ លោក បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងត្បូង នៅថ្ងៃសុក្រសប្តាហ៍នេះ ហើយក្នុងដំណើរទស្សនកិច្ចនេះ លោកមិនមានគម្រោងទៅកាន់តំបន់គ្មានយោធា ដែលខណ្ឌចែកប្រទេស កូរ៉េទាំងពីរនោះទេ៕