(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង កំពុងបង្កើនការផលិតឱសថ និងសម្ភារវេជ្ជសាស្រ្ត ដែលរួមមានទាំងឧបរកណ៍សម្លាប់មេរោគ និង ឧបករណ៍វាស់កម្តៅ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹង ការដាលនៃជំងឺកូវីដ១៩ ដែលទើបតែផ្ទុះឡើងជាលើកដំបូង នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

បើតាមប្រព័ន្ធផ្សពផ្សាយរដ្ឋកូរ៉េខាងជើង KCNA កូរ៉េខាងជើង ដែលបានដាក់ចេញនូវវិធានការបិទខ្ទប់ទូទាំងប្រទេស ក៏កំពុងជំរុញការផលិតថ្នាំបុរាណ ដែលប្រើសម្រាប់បន្ថយរោគសញ្ញាគ្រុនក្តៅ និងបំបាត់ការឈឺចាប់ផងដែរ ដោយថាថ្នាំប្រភេទនេះមានប្រសិទ្ធភាពក្នុងការបង្ការ និងព្យាបាល COVID-19។ មកទល់នឹងពេលនេះកូរ៉េខាងជើង បានរាយការណ៍ថា មនុស្សចំនួន ១,៩៧៨,២៣០នាក់ មានរោគសញ្ញាគ្រុនក្តៅ ហើយមានមនុស្សចំនួន ៦៣នាក់ បានស្លាប់ ខណៈវិធានការប្រឆាំងមេរោគ កំពុងត្រូវអនុវត្តយ៉ាងតឹងរ៉ឹង។

គួរបញ្ជាក់ថា រលកឆ្លងកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងជើង ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន បានបង្កការព្រួយបារម្ភជុំវិញ បញ្ហាខ្វះខាតធនធានវេជ្ជសាស្រ្ត និងវ៉ាក់សាំងបង្ការកូវីដ ១៩ ស្របពេលដែលទីភ្នាក់ងារសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានព្រមានអំពីផលវិបាកកាន់តែយ៉ាប់យ៉ឺនថែមទៀត ចំពោះជីវភាពរស់នៅសម្រាប់ប្រជាជនកូរ៉េខាងជើងចំនួន ២៥លាននាក់៕