(ប៉េកាំង)៖ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់ក្នុងពេលជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ ជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៨ ខែឧសភាថា ប្រទេសចិននិងជប៉ុនត្រូវផ្តោតទៅលើរឿងចំនួនបីនាពេលបច្ចុប្បន្ននេះ គឺការប្រកាន់ខ្ជាប់នូវទិសដៅអភិវឌ្ឍ ន៍ដ៏ត្រឹមត្រូវនៃទំនាក់ទំនងទ្វេភាគី បំពេញបន្ថែមនូវកម្លាំងចលករ សម្រាប់ការអភិវឌ្ឍ នៃ ទំនាក់ទំនងទ្វេភាគី និងច្រានចោលកត្តារារាំងឱ្យទាន់ពេលវេលា។

លោក Wang Yi បានចង្អុលបង្ហាញថា ពេលថ្មីៗនេះ ជប៉ុនបានធ្វើសកម្មភាព ដែលមាននិន្នាការអវិជ្ជមានយ៉ាងច្បាស់ លើបញ្ហាតៃវ៉ាន់និងបញ្ហាផ្សេងទៀត ទាក់ទិននឹងផលប្រយោជន៍ស្នូលនិងបញ្ហា សំខាន់ៗដែលប្រទេសចិនយកចិត្តទុកដាក់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុក ចិត្តទៅវិញទៅមករវាងភាគីទាំងពីរ និងធ្វើឱ្យរង្គោះរង្គើដល់មូលដ្ឋានគ្រឹះ នៃទំនាក់ទំនងទ្វេភាគី។ ភាគីជប៉ុនគួរតែគោរពតាមពាក្យសន្យា ដែលខ្លួនបានធ្វើកន្លងមក គោរពនូវទំនុកចិត្តនិង សីលធម៌ជាមូលដ្ឋានរវាងប្រទេសទាំងពីរ និងសហការជាមួយភាគីចិន ដើម្បីការពារលទ្ធផលដ៏មានតម្លៃដែលទទួលបាន ក្នុងរយៈពេល៥០ឆ្នាំ បន្ទាប់ពីការស្តារប្រក្រតីភាពវិញ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Hayashi Yoshimasa បានថ្លែងថា ភាគីជប៉ុនមានឆន្ទៈ រួមជាមួយភាគីចិនក្នុងការបង្កើនទំនុកចិត្ត ផ្នែកនយោបាយដោយមិនបំភ្លេចពីគោល បំណងដើមនៃការស្តារឡើងវិញ នូវប្រក្រតីភាពនៃទំនាក់ទំនងការទូត រក្សាការប្រាស្រ័យទាក់ទងគ្នាដោយស្មោះ កាត់បន្ថយការយល់ច្រឡំ និងការវិនិច្ឆ័យខុស ដើម្បីដោះស្រាយបញ្ហារសើប ឱ្យបានត្រឹមត្រូវ៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន