(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន ដើម្បីឲ្យកិច្ចចរចាប្រាកដប្រជា រវាងរុស្ស៉ី-អ៊ុយក្រែន អាចប្រព្រឹត្តទៅដើម្បីបញ្ចប់សង្រ្គាម ខណៈដែលលោក បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ទីក្រុងរ៉ូម ក្នុងការបន្តគាំទ្រអ៊ុយក្រែន ហើយលោកក៏មិនបដិសេធទាំងស្រុង អំពីការផ្គត់ផ្គង់អាវុធនោះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នំាំ២០២២។

ថ្លែងប្រាប់សភាជាន់ខ្ពស់អ៉ីតាលី នៅទីក្រុងរ៉ូម លោក ដ្រាហ្គី ដែលបានប្រកាន់ជំហរយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៉ី ចាប់តាំងពីមានការឈ្លានពានលើអ៊ុយក្រែនមក បានលើកឡើងយ៉ាងដូច្នេះថា «វាមានសារសំខាន់ណាស់ក្នុងការរក្សាសម្ពាធ តាមរយៈការដាក់ទណ្ឌកម្ម ពីព្រោះយើងត្រូវតែនាំទីក្រុងមូស្គូមកកាន់តុចរចា ហើយបទឈប់បាញ់ ត្រូវតែសម្រេចឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»

លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា «អ៊ីតាលីនឹងគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន តាមរយៈកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន ជាមួយដៃគូរអឺរ៉ុប ដើម្បីជំរុញកិច្ចចរចាបញ្ចប់សង្រ្គាម ប៉ុន្តែកិច្ចព្រមព្រៀងណាមួយ គឺត្រូវតែមានឯកភាពពីអ៊ុយក្រែន»។

ជាចុងក្រោយលោក ដ្រាហ្គី បានបញ្ជាក់ថា ទណ្ឌកម្មដែលបានដាក់ដោយសហភាពអឺរ៉ុប និង G7 លើទីក្រុងមូស្គូ កំពុងជះផលប៉ះពាល់គួរឱ្យកត់សម្គាល់ ដល់សេដ្ឋកិច្ចរបស់រុស្ស៉ី ហើយឥទ្ធិពលនៃទណ្ឌកម្មនេះ នឹងកាន់តែខ្លាំងឡើងថែមទៀត។ ដោយឡែក ចំពោះការផ្តល់អាវុធទៅជួយអ៊ុយក្រែន, រដ្ឋាភិបាលបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលអនុញ្ញាតឲ្យមានការផ្តល់សព្វាវុធ តែមិនបានបញ្ជាក់ពីប្រភេទអាវុធនោះទេ»៕