(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិននឹងត្រូវឡើងយន្ដហោះចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្នុងដំណើរផ្លូវឆ្ពោះមកកាន់ តំបន់អាស៊ី ជាលើកដំបូងបំផុតក្នុងនាមជាប្រធានាធិបតីអាមេរិក។ បើតាមសេតវិមាន លោក បៃដិននឹងចាប់ផ្ដើមបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២០ ខែឧសភា ជាទីដែលលោកនឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ហើយបន្ទាប់មកទើបបន្ត បំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ជាទីដែលលោកនឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំជាមួយ មេដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) ដែលមានសមាជិកដូចជា សហរដ្ឋអាមេរិក, ជប៉ុន, ឥណ្ឌា និងអូស្ត្រាលី។

ក្រុមមន្ត្រីអាមេរិក និងលោក ចូ បៃដិនផ្ទាល់បានអះអាងថាដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ី និងសម្ព័ន្ធមិត្តនៅក្នុង តំបន់ ព្រមទាំងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាអាទិភាពកំពូលមួយនៃនយោបាយការបរទេសរបស់រដ្ឋបាលលោក បៃដិន ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន បើទោះជាទីក្រុងវ៉ាស៊ីនតោន កំពុងជាប់ដៃជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានពីសំណាក់រុស្ស៉ីក៏ដោយ។ តែព្រមពេលជាមួយគ្នា ដំណើរទស្សនកិច្ចផ្សងព្រេងមួយនេះ នឹងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនតួយ៉ាងដូចជា ចិន, កូរ៉េខាងជើង និងការស្ដារឡើងវិញនូវទំនុកចិត្តពីសម្ព័ន្ធមិត្តផងដែរ។

* បញ្ជូនសារព្រមានឱ្យចិន
ទោះបីជាកំពុងជាប់ដៃជួយអ៊ុយក្រែនប្រយុទ្ធតទល់ជាមួយរុស្ស៉ីក៏ដោយ, ប៉ុន្តែក្រុមមន្ត្រីអាមេរិកបាននិយាយថាលោក បៃដិន នៅតែមានបំណងរៀបចំគោលនយោបាយ ការបរទេសអាមេរិកឡើងវិញ សំដៅដោះស្រាយបញ្ហាប្រឈមមុខជាច្រើន ក្នុងរយៈពេលរាប់ទសវត្សរ៍ខាងមុខនេះ ក្នុងនោះរួមមានទាំងពង្រឹងសម្ព័ន្ធភាពនៅក្នុង តំបន់អាស៊ីដែលមានរួចជាស្រេចនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ និងបានបង្កើតកម្លាំងរួបរួមមួយដ៏ធំប្រឆាំងនឹងរុស្ស៉ី ក្រោយសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើង។

ក្រុមមន្ត្រីអាមេរិកជឿជាក់ថាការពង្រឹងកិច្ចសម្របសម្រួលដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប គឺជារឿងដ៏ភ្ញាក់ផ្អើលមួយ មិនមែនត្រឹមតែសម្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រហែលជាធ្វើឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ភ្ញាក់ផ្អើលផងដែរ។ ដ្បិតសូម្បីតែប្រទេសក្នុងតំបន់អាស៊ីមួយចំនួន ជាពិសេសគឺជប៉ុន ក៏បានចូលរួមដាក់ទណ្ឌកម្មលើទីក្រុងមូស្គូដែរ។ លោក បៃដិន និងទីប្រឹក្សារបស់ លោកសុទ្ធតែកំពុងសង្ឃឹមថាការរួបរួមគ្នារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឆ្លើយតបទៅនឹងទង្វើរបស់រុស្ស៉ី អាចនឹងក្លាយជាសារព្រមានមួយបញ្ជូនឱ្យចិនដឹងថា ការធ្វើសកម្មភាពបង្ករឿងនៅក្នុងតំបន់អាស៊ី នឹងទទួលរងផលវិបាកដូចជារុស្ស៉ី។

ប៉ុន្តែ បញ្ហានៅត្រង់ថា អាស៊ី និងអឺរ៉ុបគឺផ្ទុយគ្នាស្រឡះ។ ដូច្នេះវានៅតែមានការចោទសួរដដែលថាប្រសិនបើចិនប្រើកម្លាំងយោធាលើតៃវ៉ាន់ តើសហរដ្ឋអាមេរិកអាច ប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្តប្រឆាំងនឹងចិនដូចដែលធ្វើដាក់រុស្ស៉ីបានដែរឬទេ? នៅអាស៊ីមិនមានបក្សសម្ព័ន្ធដូច NATO នោះទេ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនក៏កាន់តែចាក់ឬសឥទ្ធិពលរបស់ខ្លួនរឹតតែខ្លាំងនៅក្នុងតំបន់ផងដែរ និងបានក្លាយជាមហាអំណាចមួយក្នុងតំបន់រួចស្រេចទៅហើយ។ ម្យ៉ាងវិញទៀត ដើម្បីខ្ទប់ឥទ្ធិពល ចិន សហរដ្ឋអាមេរិកបានដាស់សម្ព័ន្ធភាព «ក្វាដ» ឱ្យងើបពីដេក ហើយបានបង្កើតសម្ព័ន្ធភាពសន្តិសុខថ្មីជាមួយអូស្ត្រាលី និងអង់គ្លេសដែលគេស្គាល់ថា AUKUS។ យ៉ាងណាក៏ដោយ មកទល់នឹងពេលបច្ចុប្បន្ន ការបោះជំហានបែបនេះរបស់សហរដ្ឋអាមេរិកមិនទាន់គ្រប់គ្រាន់ក្នុងការទប់ស្កាត់ឥទ្ធិពល ឬមហិច្ឆតារបស់ចិនបាន នៅឡើយទេ។

* សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃពុធ ទី១៨ ខែឧសភា, ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថាលោក បៃដិន នឹងធ្វើដំណើរមកកាន់ តំបន់អាស៊ី ដោយស្ពាយមកជាមួយនូវ «សមិទ្ធផលដ៏អស្ចារ្យ» បន្ទាប់ពីសហរដ្ឋអាមេរិកទទួលបានជោគជ័យក្នុងការប្រមូលផ្ដុំកម្លាំងលោកខាងលិចប្រឆាំងនឹងរុស្ស៉ី ជុំវិញ សង្រ្គាមអ៊ុយក្រែន។ ការខាតបង់សេដ្ឋកិច្ច, យោធា និងការទូតដែលរុស្ស៉ីកំពុងប្រឈម ត្រូវបានក្រុមមន្ត្រីអាមេរិកមើលឃើញថាសារព្រមានមួយ និងអាចឱ្យចិន ប្រុងប្រយ័ត្ន ឬគិត ២ទៅ៣ដងដែរ មុននឹងសម្រេចចិត្តប្រើកម្លាំងយោធាលើកោះតៃវ៉ាន់។

តែទោះជាបែបនេះក្ដី ក្រុមមន្ត្រីអាមេរិក រួមទាំងលោក Jake Sullivan បានទទួលស្គាល់ថាកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាសន្លឹកបៀមួយដែលគេមិនអាច ព្យាករបានទេ កំលុងដំណើរទស្សនកិច្ចរបស់លោក បៃដិន។ បើតាមលោក Sullivan របបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីល កំលុងដំណើរទស្សនកិច្ចរបស់លោក បៃដិន បើទោះជាកូរ៉េខាងជើងកំពុងប្រឈមមុខនឹងការឆ្លងរាលដាល COVID-19 ក៏ដោយ។

* កិច្ចព្រមព្រៀងសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក
ផែនការសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ឬ Indo-Pacific Economic Framework ហៅកាត់ថា IPEF ត្រូវបានរដ្ឋបាលលោក ចូ បៃដិន ប្រកាសជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០២១។ IPEF គឺជាគំនិតផ្ដួចផ្ដើមមួយដែលមានគោលដៅស្វែងរកការធ្វើពាណិជ្ជដោយស្មើភាព, លើកកម្ពស់ខ្សែចង្វាក់ផ្គង់ផ្គង់ រួមទាំងវិធានការកាត់បន្ថយអំពើ ពុករលួយជាដើម។

ការបង្កើត IPEF នេះឡើង គឺសហរដ្ឋអាមេរិកសង្ឃឹមថាអាចនឹងកាត់បន្ថយឥទ្ធិពលដែលចិនទទួលបានពី កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ថ្នាក់តំបន់ (RCEP) ដែលមាន ១៦ ប្រទេសជាសមាជិក និងតំណាងឱ្យមួយភាគបីនៃផលិតផលនៅក្នុងស្រុកសរុប GDP របស់ពិភពលោក។ ជាងនេះទៅទៀត រដ្ឋបាល លោក បៃដិន ក៏រំពឹងដែរថា IPEF នឹងប៉ះប៉ូវមកវិញនូវឱកាសដែលបានបាត់បង់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នាជំនាន់លោក បារ៉ាក់ អូបាម៉ា ដែលត្រូវបានលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក, លោក ចូ បៃដិនត្រូវបានគេរំពឹងថានឹងប្រកាសដំណើរការជាផ្លូវការនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក កំលុងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២)