(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចនឹង បើកកិច្ចសន្ទនាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

លោក Jake Sullivan ធ្វើការកត់សម្គាល់ខាងលើ កំលុងជិះនៅលើយន្ដហោះ Air Force One អមដំណើរលោក បៃដិន ក្នុងការដំណើរបំពេញ ទស្សនកិច្ចមកកាន់តំបន់អាស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីលោកផ្ទាល់បានជួបពិភាក្សាការងារជាមួយមន្ត្រីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) កាលពីថ្ងៃពុធសប្ដាហ៍នេះ។ លោក Sullivan បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងមិនមានអ្វីត្រូវភ្ញាក់ផ្អើលទេ បើលោកប្រធានាធិបតី បៃដិន និងលោកប្រធានាធិបតី ស៊ី បើកកិច្ចសន្ទនាជាថ្មីម្ដងទៀត»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង នៅល្ងាចថ្ងៃសុក្រនេះ (ម៉ោងនៅសេអ៊ូល) ជាទីដែលលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុកយុល ដោយមានកូរ៉េខាងជើង គឺជារបៀបវារៈសំខាន់។ ដោយឡែក ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក បៃដិន នឹងបន្តបំពេញទស្សនកិច្ចទៅកាន់ ប្រទេសជប៉ុន ដើម្បីជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា និងចូលរួមកិច្ចប្រជុំក្រុមប្រទេសក្វាដ (Quad) ជាមួយជប៉ុន, ឥណ្ឌា និងអូស្ត្រាលី៕