(បែរឡាំង)៖ សេចក្តីព្រាងច្បាប់មួយ បានបង្ហាញថា ប្រមុខផ្នែកហិរញ្ញវត្ថុ នៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមព្រៀងគ្នាផ្ដល់ជំនួយទឹកប្រាក់ទំហំ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទូទាត់វិក្ក័យបត្រផ្សេងៗ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយថែមទាំងបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជាមួយទីក្រុងកៀវ (Kyiv) នៅក្នុងសង្រ្គាមជាមួយទីក្រុងមូស្គូ និងព្យាយាមផ្ដល់ការគាំទ្របន្ថែមទៀត ទៅតាមតម្រូវការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃសហរដ្ឋអាមេរិក ជប៉ុន កាណាដា អង់គ្លេស អាល្លឺម៉ង់ បារាំង និងអ៉ីតាលី ដែលជាសមាជិក G7 កំពុងជួបពិភាក្សាគ្នា ខណៈអ៊ុយក្រែនដែលត្រូវបានឈ្លានពានដោយរុស្ស៉ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ កំពុងតស៊ូទប់ទល់នឹងការវាយប្រហារ ហើយកំពុងប្រឈមនឹងការខ្វះខាតថវិកា។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានលើកឡើងថា «ក្នុងឆ្នាំ២០២២នេះ យើងបានរួមគ្នាផ្ដល់កញ្ចប់ថវិកាគាំទ្រសរុប ១៨.៤ពាន់លានដុល្លារ រួមបញ្ចូលទាំងការសន្យាថ្មីៗចុងក្រោយបំផុត ក្នុងការផ្តល់ជំនួយទំហំ ៩.២ពាន់លានដុល្លារ។ យើងនឹងបន្តឈរក្បែរអ៊ុយក្រែននៅក្នុងសង្រ្គាមនេះ និងលើសពីនេះ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ឱ្យបន្ថែមទៀតទៅតាមតម្រូវការ»

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ខាងលើបានបន្តថា ក្រុមប្រទេស G7 បានស្វាគមន៍ចំពោះ សំណើរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងការផ្តល់ប្រាក់កម្ចីចំនួន ៩ពាន់លានអឺរ៉ូ (៩.៥២ពាន់លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន ហើយបានកត់សម្គាល់ថា ធនាគារស្ថាបនានិងអភិវឌ្ឍអឺរ៉ុប ព្រមទាំងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានគម្រោងផ្ដល់ជំនួយទឹកប្រាក់ទំហំ ៣.៤ពាន់លានដុល្លារ។ ប៉ុន្តែមិនច្បាស់ទេថា តើមូលនិធិទាំងនេះជាផ្នែកមួយនៃមូលនិធិ ១៨.៤ពាន់លានដុល្លារ ឬដាច់ដោយឡែកពីគ្នា៕