(កៀវ)៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រនេះថា កងទ័ពរុស្ស៉ី បានបង្កើនការវាយប្រហារនៅតំបន់ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយក្រែន ដោយប្រើកំាភ្លើងធំ, គ្រាប់រ៉ុក្កែត, និងយន្តហោះចម្បាំង ដើម្បីបំផ្លាញប្រព័ន្ធការពារជុំវិញតំបន់ដូណេត (Donetsk)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «កងទ័ពរុស្ស៉ី បានធ្វើការផ្លោងគ្រាប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការប្រើប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់»។ ជាមួយគ្នានេះ អភិបាលតំបន់លូហាន់ (Luhansk) លោក សឺហ៊ី ហ្គៃដៃ (Serhiy Gaidai) ក៏បាននិយាយថា មានការបាញ់ផ្លោងរបស់រុស្ស៉ី នៅក្នុងតំបន់លូហាន់ផងដែរ ដែលបានសម្លាប់ជនស៊ីវិល ចំនួន១៣នាក់ ខណៈមនុស្ស១២នាក់ទៀតត្រូវបានសម្លាប់ នៅក្នុងទីក្រុង ស៊ីវៀរ៉ូដុនណេស (Sievierodonesk) ជាកន្លែងដែលការលុកលុយរបស់រុស្ស៉ី បានទទួលបរាជ័យ។

ដោយឡែក ការិយាល័យអគ្គរដ្ឋអាជ្ញារបស់អ៊ុយក្រែន បានឲ្យដឹងថា កុមារចំនួន ២៣២នាក់ ត្រូវបានសម្លាប់ និង ចំនួន ៤២៧នាក់រងរបួស។ ទោះយ៉ាងណា Reuters មិនអាចផ្ទៀងផ្ទាត់ របាយការណ៍នេះបានទេ ស្របពេលដែលរុស្ស៉ី បានបដិសេធការកំណត់គោលដៅលើជនស៊ីវិល។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានិយាយថា ក្រោមការវាយប្រហាររបស់រុស្ស៉ីនាពេលថ្មីនេះ ដុនបាស់ (រួមបញ្ចូលរវាងតំបន់ Donetsk និង Luhansk) ដែលជាតំបន់ឧស្សាហកម្មដ៏សំខាន់ បានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ចំពោះមុខការសន្យារបស់ប្រទេសធំៗជាច្រើន ថានឹងផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន៕