(សេអ៊ូល)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃសុក្រនេះ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោ យូន ស៊ុកយុល (Yoon Suk-yeol) លើបញ្ហាជាច្រើន រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌កូរ៉េខាងជើង យ៉ុនហាប់ (YONHAP) នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

យន្តហោះ Air Force One របស់លោក បៃដិន បានចុះចតនៅឯមូលដ្ឋានទ័ពអាកាស អូសាន (Osan) ក្នុងទីក្រុងព្យុងតឹក (Pyeongtaek) ចម្ងាយ៧០គីឡូម៉ែត ពីភាគខាងត្បូងទីក្រុងសេអ៊ូល។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ រោងចក្រផលិតបន្ទះឈីបមួយកន្លែង នៃក្រុមហ៊ុនសាមស៊ុង ដើម្បីជួបជាមួយលោក យូន ហើយធ្វើទស្សនកិច្ចនៅឯរោងចក្រនេះ ដើម្បីការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់នៃបន្ទះឈីប។

មេដឹកនាំអាមេរិក-កូរ៉េខាងត្បូង នឹងជួបគ្នាម្តងទៀតនៅថ្ងៃសៅរ៍ស្អែកនេះ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងអ្នកទាំងពីរ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ដែលកំពុងប្រឈមមុខនឹងសម្ព័ន្ធមិត្តទាំងពីរ ហើយនិងតំបន់ទាំងមូល។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបៃដិន ទៅកាន់កូរ៉េខាងត្បូង ហើយវាមានរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក យូន បានឡើងកាន់តំណែងជាផ្លូវការ ស្របពេលដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ការសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង អាចនឹងកើតឡើងកំលុងពេលដែលលោក បៃដិន ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ឬជប៉ុន។ លោក បៃដិន នឹងបន្តដំណើរទៅជប៉ុន នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕