(បែរឡាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា ទីក្រុងបែរឡាំងនឹងប្រគល់រថក្រោះ ហ្គេផាដ (Gepard) ដែលជាប្រភេទប្រឆាំងយន្តហោះចម្បាំង ចំនួន១៥ គ្រឿងដល់អ៊ុយក្រែន ក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រីជ (Christine Lambrecht) បានឯកភាពលើការផ្តល់នេះ កំលុងកិច្ចសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡេកស៊ី រ៉េសនីកូវ (Oleksii Reznikov) តាមប្រព័ន្ធអនឡាញ។ បើតាមប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់, រថក្រោះ Gepard នឹងត្រូវផ្តល់ជាមួយគ្រាប់រំសេវក្នុងចំនួនល្មមគ្រប់គ្រាន់។

គួរបញ្ជាក់ថា កាលពីចុងខែមេសា អាល្លឺម៉ង់បានប្រកាសថានឹងផ្តល់អាវុធធន់ធ្ងន់ដល់ទីក្រុងកៀវ ជាលើកដំបូងបំផុត រួមមានដូចជារថក្រោះ Gepard នេះ ជាដើម ហើយក៏បានសន្យាផ្តល់កាំភ្លើងធំ howitzer ចំនួន៧គ្រឿង រួមទាំងផ្តល់ការបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន ឲ្យចេះពីរបៀបប្រើប្រាស់ផងដែរ៕