(សេអ៊ូល)៖ កូរ៉េខាងជើងបានរាយការណ៍ពីអ្នកជំងឺថ្មីៗ ដែលមានរោគសញ្ញាគ្រុនក្តៅ ជាង២០០,០០០នាក់ សម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នាមកហើយ ខណៈដែលខ្លួនកំពុងទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាលើកដំបូងបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ (Yonhap) នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

ដោយផ្អែកលើប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCTV ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ២១៩,០៣០នាក់ ទៀត បានចេញរោគសញ្ញាគ្រុនក្តៅ គិតត្រឹមល្ងាចថ្ងៃសុក្រសប្តាហ៍នេះ ដែលនាំឲ្យចំនួនអ្នកមានរោគសញ្ញាបែបនេះ សរុបកើនឡើងដល់ ចំនួន ២,៤៦០,៦៤០នាក់ និងស្លាប់ចំនួន៦៦នាក់។
ទោះយ៉ាងណា មិនមានការបញ្ជាក់ឱ្យច្បាស់ពី ចំនូនអ្នកដែលត្រូវបានធ្វើតេស្តឃើញកូវីដ១៩ នោះទេ។ ករណីឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលកំពុងបន្តកូរ៉េខាងជើងនេះ បានជំរុញឲ្យមានការព្រួយបារម្ភលើបញ្ហាខ្វះខាតវ៉ាក់សាំង, ធនធានវេជ្ជសាស្រ្ត ក៏ដូចជាវិបត្តិស្បៀងអាហារថែមទៀតផង នៅក្នុងប្រទេសមានប្រជាជន២៥លាននាក់នេះ ដែលបដិសេធមិនទទួលជំនួយពីខាងក្រៅ និងបិទព្រំដែនរបស់ខ្លួន។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ ដោយសារតែគ្មានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ថ្នាក់ជាតិ ហើយសមត្ថភាពនៃការធ្វើតេស្តមានកំណត់ ដូច្នេះទិន្នន័យដែលចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អាចមានចំនួនមិនជាក់លាក់ និងពិបាកក្នុងការតាមដានទំហំពិតប្រាកដ នៃការរីករាលដាល៕