(ហែលស៉ិនគី)៖ ក្រុមហ៊ុនឧស្ម័នរដ្ឋហ្វាំងឡង់ Gasgrid Finland បានប្រកាសនៅថ្ងៃសៅរ៍នេះថា ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៉ី មកកាន់ប្រទេសនេះ ត្រូវបានផ្អាកដំណើរការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុនខាងលើ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការផ្គត់ផ្គង់ឧស្ម័នតាមរយៈច្រកចូល Imatra ត្រូវបានផ្អាកនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ បរិមាណឧស្ម័នដែលត្រូវការដោយទីផ្សារឧស្ម័នហ្វាំងឡង់ ត្រូវបាននាំចូលទៅក្នុងប្រព័ន្ធឧស្ម័នហ្វាំងឡង់ តាមរយៈច្រកចូល Balticconnector វិញ ស្របតាមការរៀបចំ ដែលធ្វើឡើងដោយភាគីទីផ្សារ»។ ក្រុមហ៊ុន បានបន្ថែមថា «Gasgrid Finland បាននាំចូលឧស្ម័នតាមរយៈច្រកចូល Balticconnector ហើយបច្ចុប្បន្នប្រព័ន្ធឧស្ម័នកំពុងមានតុល្យភាពធម្មតា»

ក្រុមហ៊ុនឧស្ម័នហ្វាំងឡង់ Gasum ធ្លាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះថា ខ្លួនមិនទទួលយកការទាមទាររបស់ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៉ី Gazprom Export ក្នុងការទូទាត់ប្រាក់សម្រាប់ឧស្ម័នជាប្រាក់រូប្លិ៍ទេ ហើយក៏មិនធ្វើការបង់ប្រាក់ជាប្រាក់រូប្លិ៍ ឬក្រោមការរៀបចំការទូទាត់ ដែលបានស្នើឡើងរបស់ក្រុមហ៊ុន Gazprom Export ដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះថា រដ្ឋអមិត្តទាំងអស់ ត្រូវតែទូទាត់ប្រាក់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ីជាប្រាក់រូប្លិ៍ ដោយនិយាយថា ទីក្រុងមូស្គូនឹងបដិសេធមិនទទួលយក ការទូទាត់ក្រោមកិច្ចសន្យាឧស្ម័នជាមួយរដ្ឋទាំងនោះ ជារូបិយបណ្ណបរទេសឡើយ ជាពិសេសគឺរូបិយបណ្ណដុល្លារ និងអឺរ៉ូ៕