(ប៉េកាំង)៖ កាលពីថ្ងៃទី ២០ ខែឧសភា លោក Lee Ka Chiu ដែលត្រូវបានតែងតាំងជាប្រធានរដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង បានចេញសេចក្តីថ្លែងការណ៍ ដោយថ្លែងអំណរគុណដល់រដ្ឋាភិបាលមជ្ឈិមចិន ដែលបានតែងតាំងលោកជាប្រធានរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង។

លោកបានថ្លែងថា លោកនឹងខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន ផ្តោតសំខាន់លើការជួយដោះស្រាយបញ្ហារបស់ប្រជាជន ធ្វើឱ្យសង្គមសាមគ្គីគ្នា ដើម្បីរួមគ្នាកសាងតំបន់ហុងកុងដែលប្រកបដោយកម្លាំងរស់រវើក ក្តីសង្ឃឹម កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ មានក្តីស្រឡាញ់និងសុខដុមរមនា។

នៅថ្ងៃដដែលនោះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំពេញអង្គលើកទី៧ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ហើយបានសម្រេចចិត្តតែងតាំងលោក Lee Ka Chiu ជាប្រធានរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង។

សូមបញ្ជាក់ថា លោក Lee Ka Chiu បានជាប់ឆ្នោតដោយមានសំឡេងគាំទ្រច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋបាលទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុងនៅថ្ងៃទី ៨ ខែឧសភា។ បន្ទាប់ពីត្រូវបានតែងតាំងដោយរដ្ឋាភិបាលមជ្ឈិមចិន លោកនឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា។ អាណត្តិនៃប្រធានរដ្ឋបាលទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង គឺចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧៕