(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាហើយលើកញ្ចប់ថវិកាជំនួយ ៤០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងបង្កើនការគាំទ្រផ្នែកយោធាជួយទីក្រុងកៀវ ទប់ទល់នឹងសង្រ្គាមរបស់រុស្ស៉ីដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។

បើសេតវិមាន លោក ចូ បៃដិន ដែលកំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល បានជួបពិភាក្សាជាលើកដំបូងជាមួយប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុកយុល ហើយក្នុងដំណើរទស្សនកិច្ចនេះលោក បៃដិន បានចុះហត្ថលេខាលើកញ្ចប់ថវិកាជំនួយខាងលើ ដែលត្រូវបានបញ្ជូនមកកាន់ទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានអនុម័តក្នុងសំឡេងគាំទ្រយ៉ាងលើសលប់នូវកញ្ចប់ ជំនួយថ្មីដែលមានទំហំទឹកប្រាក់ ៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កើនកញ្ចប់ជំនួយផ្នែកយោធាអស់រយៈពេលជិត ៣ខែមកហើយ បន្ទាប់ពីការឈ្លានពាន របស់រុស្ស៉ីលើអ៊ុយក្រែន។

ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់នឹង ១១សំឡេង លើកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន រហូតមកដល់បច្ចុប្បន្ន៕