(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យនេះបានផ្ញើពាក្យ «សួស្ដី ឬ Hello» ទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈមានការបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ បើទោះជាកំពុងប្រឈមមុខនឹងការឆ្លងរាលដាល COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងសេអ៊ូល នាថ្ងៃចុងក្រោយនៃដំណើរទស្សនិច្ចរបស់លោកនៅកូរ៉េខាងត្បូង មុនចេញដំណើរបន្តទៅកាន់ប្រទេស ជប៉ុន ជាផ្នែកមួយនៃដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់តំបន់អាស៊ី, លោក បៃដិន ក៏បានលើកឡើងដែរថាលោកមិនមានការព្រួយបារម្ភអ្វីទេចំពោះ លទ្ធភាពនៃការធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ ជាមួយការបញ្ជាក់ថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយ រឿងគ្រប់យ៉ាង ដែលកូរ៉េខាងជើងអាចនឹងធ្វើចេញមកក្រៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ, លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានឯកភាពគ្នាថានឹងពិចារណាលើ ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ព្រមទាំងការដាក់ពង្រាយអាវុធមានសមត្ថភាពបំពាក់នុយក្លេអ៊ែរបន្ថែមរបស់សហរដ្ឋអាមេរិក មកកាន់តំបន់ ជាការឆ្លើយតបទៅនឹងការធ្វើតេស្ដអាវុធពីសំណាក់កូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ទាំងលោក បៃដិន និងលោក យូន ស៊ុកយុល សុទ្ធតែបានបង្ហាញពី ចេតនាផ្ដល់ជំនួយដល់កូរ៉េខាងជើង ដោះស្រាយវិបត្តិ COVID-19 តែមកទល់នឹងពេលនេះរបបដឹកនាំលោក គីម ជុងអ៊ុន មិនទាន់ឆ្លើយតបនោះទេ៕