(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ នៅថ្ងៃអាទិត្យនេះ សម្រាប់ការបំពេញទស្សនកិច្ចជើងទី២ ដើម្បី ពង្រឹងសម្ព័ន្ធភាពអាមេរិកនៅក្នុងតំបន់អាស៊ី បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជើងទី១ នៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។

លោក បៃដិន ដែលកំពុងបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ីជាលើកដំបូងបំផុតក្នុងនាមជាប្រធានាធិបតីអាមេរិក បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស យ៉ូកូតា (Yokota) ស្ថិតនៅជាយទីក្រុងតូក្យូ ហើយបើតាមការគ្រោងទុក លោកនឹងត្រូវជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។

បន្ថែមពីលើនេះ លោក ចូ បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងប្រកាសពីគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក នៅមុនលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល នៃក្រុមប្រទេសក្វាដ (Quad) នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ជាមួយមេដឹកនាំជប៉ុន, ឥណ្ឌា និងអូស្ត្រាលី៕