(ហ្សឺណែវ)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សច្រើនជាង១០០លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅដ្ឋាន របស់ពួកគេ ជុំវិញពិភពលោក ដោយសារតែអំពើហិង្សា, ជម្លោះ, ការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំំ២០២២។

អង្គការ UNHCR បានឲ្យដឹងបន្ថែមថា សង្រ្គាមនៅអ៊ុយក្រែន គឺជាកត្តាជំរុញមួយឲ្យ មនុស្សរាប់លាននាក់ភៀសខ្លួន ខណៈជម្លោះដែលកំពុងអូសបន្លាយនៅឯអេត្យូពី និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជាកត្តាមួយផ្សេងទៀត នៅពីក្រោយចំនួនជនភៀសខ្លួនដ៏ច្រើនលើសលប់នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍, ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីប៉ូ ហ្រ្គេនឌី (Filippo Grandi) បានគូសបញ្ជាក់ថា «តួលេខនេះ គឺជាសារដាស់តឿនមួយ ដើម្បីឲ្យការដោះស្រាយនិងទប់ស្កាត់ជម្លោះ បញ្ចប់ការធ្វើទុក្ខបុកម្នេញ, និងរកមូលហេតុដែលបង្ខំឲ្យប្រជាជានស្លួតត្រង់ ត្រូវរត់ចេញពីផ្ទះសម្បែងរបស់ពួកគេ»។ លោក ហ្រ្គេនឌី បានជំរុញឲ្យមាន ការចាត់វិធានការដោះស្រាយមូលហេតុ ចំពោះមុខនៃការភៀសខ្លួន ដោយនិយាយថាជំនួយមនុស្សធម៌ គ្រាន់តែអាចទប់ស្កាត់ផលវិបាកមួយកម្រិតប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទិន្នន័យខាងលើរបស់ UNHCR គឺរួមមានជនភៀសខ្លួន, អ្នកស្វែងរកសិទ្ធិជ្រកកោន, និងអ្នកផ្លាស់ទីលំនៅក្នុងស្រុក។ កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលតាមការភៀសខ្លួនក្នុងស្រុក IDMC បានអះអាងថា ចំនួនអ្នកដែលផ្លាស់ទីលំនៅ នៅក្នុងប្រទេសពួកគេផ្ទាល់ បានឈានដល់កម្រិតកំណត់ត្រា គឺជិត៦០លាននាក់ គិតត្រឹមចុងឆ្នាំ២០២១៕