(ប៉ារីស)៖ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់ប្រទេសបារាំង គឺលោក ក្លេម៉ង់ បូន (Clement Beaune) កាលពីថ្ងៃអាទិត្យកន្លងទៅ បាននិយាយថា អ៊ុយក្រែននឹងមិនអាចចូលជា សមាជិករបស់សហភាពអឺរ៉ុប ក្នុងពេលឆាប់ៗបានឡើយ ព្រោះនីតិវិធីនឹងត្រូវចំណាយពេលយូរជាទីបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយវិទ្យុ Radio J ដែលមូលដ្ឋាននៅទីក្រុងប៉ារីស លោក Beaune បាននិយាយដូច្នេះថា «យើងត្រូវតែស្មោះត្រង់។ ប្រសិនបើយើងនិយាយថា អ៊ុយក្រែននឹងចូលជាសមាជិករបស់ EU ក្នុងរយៈពេល៦ខែ, ១ឆ្នាំ ឬ២ឆ្នាំខាងមុខ នោះពួកយើងនិយាយ កុហកសុទ្ធសាធហើយ ដោយសារវាមិនពិតឡើយ។ នីតិវិធីប្រហែលត្រូវប្រើពេល ១៥-២០ឆ្នាំ ពោលវានឹងចំណាយពេលយូរខ្លាំងណាស់។ ខ្ញុំមិនចង់កុហក ឬផ្តល់ការយល់ខុសចំពោះអ៊ុយក្រែនទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានលើកឡើងស្រដៀងគ្នាផងដែរ អំពីបញ្ហាសមាជិកភាពរបស់អ៊ុយក្រែន នៅ EU។ លោក ម៉ាក្រុង បាននិយាយថា អ៊ុយក្រែននឹងត្រូវរង់ចាំជាច្រើនឆ្នាំ ហើយបើនិយាយតាមត្រង់តែម្តង គឺរាប់ទសវត្សរ៍ ទើបអាចចូលជាសមាជិករបស់សហភាពអឺរ៉ុប៕