(ប៉េកាំង)៖ «យើងគួរប្រកាន់ខ្ជាប់ការសន្ទនាតែមិនមែនការតតាំងគ្នា ការរួមបញ្ចូលគ្នាតែមិនមែនការផ្តាច់ទំនាក់ទំនង និងភាពបរិយាប័ន្ន តែមិនមែនការច្រានចោលប្រទេសដទៃទៀត ដើម្បីដឹកនាំកំណែទម្រង់នៃប្រព័ន្ធអភិបាលកិច្ចសកល ដោយទស្សនៈនៃសមភាពនិងយុត្តិធម៌»។ ការសម្តែងអាកប្បកិរិយាបែបនេះ របស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងពេលថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងមហាសន្និបាតអបអរសាទរខួបទី ៧០ នៃការបង្កើតគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងជាកិច្ចប្រជុំកំពូលស្តីពី ការជំរុញការវិនិយោគនិងពាណិជ្ជកម្មជាសកល បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិ។

សូមបញ្ជាក់ថា ដោយរងផលប៉ះពាល់ពីភាពវឹកវរខាងភូមិសាស្ត្រនយោបាយ និងការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក នៃជំងឺកូវីដ ១៩ បានជាដំណើរការសេដ្ឋកិច្ចនិងសង្គមរបស់បណ្តាប្រទេសនានា បាននិងកំពុងរងកម្លាំងសម្ពាធក្នុងកម្រិតទីទៃគ្នា។ នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយ «របាយការណ៍ថ្មីបំផុតស្តីពីការរំពឹងទុក ចំពោះសេដ្ឋកិច្ចសកល» ដោយប៉ាន់ប្រមាណថា នឹងសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២២ មកនៅត្រឹម ៣.៦ ភាគរយដែលបានធ្លាក់ចុះ០.៨ ភាគរយបើប្រៀបធៀបនឹងការប៉ាន់ប្រមាណលើកមុន។ ប្រឈមនឹងបញ្ហាជាច្រើន តើសេដ្ឋកិច្ចពិភពលោកអាចដើរចេញផុតពីវិបត្តិ ក្នុងពេលឆាប់ៗយ៉ាងដូចម្តេច? ចម្លើយគឺស្ថិតក្នុងគំនិតស្តីពីការប្រកាន់ខ្ជាប់ «ការរួមបញ្ចូលគ្នាតែមិនមែនការផ្តាច់ទំនាក់ទំនង» ដែលបាននិងកំពុងផ្តួចផ្តើមយ៉ាងពេញទំហឹង និងអនុវត្តយ៉ាងប្រាកដប្រជាដោយប្រទេសចិន។

គួររំលឹកថា ពាក្យពេញនិយមមួយដែលថា «ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច» ធ្លាប់ប្រើយ៉ាងច្រើននៅទូទាំងពិភពលោក ប៉ុន្តែបច្ចុប្បន្ននេះ បែរជាបានជួបប្រទះនឹងចរន្តបញ្ច្រាស ហើយសំឡេងរបស់អ្នកនយោបាយអាមេរិក និងលោកខាងលិចមួយចំនួន ដែលឃោសនាបំប៉ោងយ៉ាងគឃ្លើនពី ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន បានលាន់ឮមិនដាច់។ បន្ទាប់ពីរដ្ឋាភិបាលអាណត្តិបច្ចុប្បន្នបានឡើងកាន់អំណាចមក វាមិនត្រឹមតែបានអនុវត្តគោលនយោបាយពន្ធគយខ្ពស់ ទៅលើផលិតផលចិនដែលបានដាក់ចេញដោយ រដ្ឋាភិបាលអាណតិ្តមុនប៉ុណ្ណោះទេ ថែមទាំងក៏បានបន្តបង្កើនការគាបសង្កត់ ទៅលើសហគ្រាសចិនផងដែរ។ នៅពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកក៏បានប្រឌិតអ្វីដែលហៅថា «ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌាប៉ាស៊ីហ្វិក» ដើម្បីអូសទាញប្រទេសដទៃទៀត ឱ្យបង្កើតជារង្វង់ឡោមព័ទ្ធសម្រាប់ទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិនដែលប៉ុនប៉ងផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ក្នុងន័យគាំពារអនុត្តរភាពខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់អាមេរិក។

យ៉ាងណាមិញ ការពិតជាក់ស្តែងបានបញ្ជាក់ម្តងទៀតថា អ្វីដែលហៅថា គំនិតស្តីពី «ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន» គឺផ្ទុយគ្នានឹងតម្រូវការក្នុងទីផ្សារ ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបរបស់ចិនជាមួយអាមេរិក បានកើនឡើងជិត ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ បានឡើងដល់ ៧សែន ៥ម៉ឺន ៥ពាន់ ៦រយ លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ព្រមពេលជាមួយគ្នានេះ ភាគីជាច្រើនក្នុងស្រុកអាមេរិក បានអំពាវនាវឱ្យលុបចោលការដំឡើងពន្ធគយ ទៅលើផលិតផលចិន ដើម្បីបន្ធូរបន្ថយអតិផរណា។

ប្រការទាំងអស់នេះបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបជានិន្នាការយុគសម័យដែលមិនអាចរារាំងបាន ហើយការជំរុញការស្តារពាណិជ្ជកម្ម និងការវិនិយោគឡើងវិញបានក្លាយជា «ក្បាលម៉ាស៊ីនដ៏សំខាន់» សម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។

ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក និងជាប្រទេសពាណិជ្ជកម្មធំបំផុតទូទាំងពិភពលោក ប្រទេសចិនបានជំរុញយ៉ាងសកម្ម នូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចជាប់រហូតមក។ អាចព្យាករបានថា មិនថា ទំហំទីផ្សារដ៏ធំធេងរបស់ចិន និងបរិយាកាសប្រកបអាជីវកម្ម ដែលត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ ឬក៏ការបើចំហប្រកបដោយកម្រិតកាន់តែខ្ពស់ ដែលបាននាំមកដោយការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ និងការអនុវត្តកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP ) ក៏ដោយ ក៏សុទ្ធតែនឹងបំពេញបន្ថែមនូវកម្លាំងចលករ កាន់តែខ្លាំងដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក៕