(តូក្យូ)៖ នៅបន្ទាប់ពីរុស្ស៉ីបានបញ្ជូនកងទ័ពវាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ, រដ្ឋាភិបាលជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៊ីដា បានចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ ហើយលោក គីស៊ីដាផ្ទាល់ បានបំពេញទស្សនកិច្ចការទូតមួយជុំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដើម្បីជំរុញឱ្យមេដឹកនាំពិភពលោកទាំងនោះ ចូលរួមការពារប្រជាធិបតេយ្យ។

ការព្យាយាមនេះមិនមែនត្រឹមតែដើម្បីការពារប្រជាធិបតេយ្យនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែលោក គីស៊ីដា ក៏មើលឃើញដែរពីភាពប្រទាក់ក្រឡាគ្នារវាង សកម្មភាពរបស់រុស្ស៉ី នៅក្នុងតំបន់អឺរ៉ុប និងការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តួយ៉ាង នៅក្នុងថ្លែងការណ៍រួមជាមួយមេដឹកនាំ សហភាពអឺរ៉ុប ក្នុងខែឧសភានេះ លោក គីស៊ីដា បានគូសបញ្ជាក់ដូច្នេះថា «យើងប្រឆាំងជាដាច់ខាតរាល់ការប៉ុនប៉ងជាលក្ខណៈឯតោភាគីក្នុងការផ្លាស់ប្ដូរ ស្ថានភាពដើម ដោយប្រើកម្លាំងបាយ»។ សេចក្ដីថ្លែងការណ៍ដដែលនេះក៏បានសង្កត់ធ្ងន់ផងដែរពីកង្វល់ពាក់ព័ន្ធនឹងការធ្វើយោធូបនីយកម្ម, ការសម្លុត និងការគំរាមកំហែង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ទោះបីជាមិនបានដៅឈ្មោះចិន ចំៗក៏ដោយ។

ជប៉ុន មានទីតាំងស្ថិតនៅលើភូមិសាស្ត្រ មានបរិយាកាសសន្តិសុខដ៏ស្មុគស្មាញ ដោយជាប់ចិននៅភាគខាងត្បូង, ជាប់កូរ៉េខាងជើងនៅភាគខាងលិច និងជាប់រុស្ស៉ីនៅភាគខាងជើង ហើយប្រទេសទាំង៣នេះសុទ្ធតែមានអាវុធនុយក្លេអ៊ែរ។ ម្លោះហើយ សង្រ្គាមនៅអ៊ុយក្រែនបាន និងកំពុងជំរុញឱ្យមានការជជែក ដេញដោលយ៉ាងផុលផុសមិនធ្លាប់មានពីមុនមក ពាក់ព័ន្ធនឹងសន្តិសុខជាតិរបស់ជប៉ុន។ កាលពីខែមេសា កន្លងទៅ, អ្នកនយោបាយជាច្រើននៅក្នុងជួរ គណបក្សកាន់អំណាចជប៉ុនសព្វថ្ងៃ បានដាក់ចេញនូវសំណើបង្កើនកញ្ចប់ថវិកាការពារជាតិ ពី ១ភាគរយ ដល់ ២ភាគរយ ដូចគ្នាទៅនឹងផែនការបង្កើនកញ្ចប់ ថវិកាយោធារបស់បណ្ដាប្រទេសជាសមាជិក NATO និងការអភិវឌ្ឍ «សមត្ថភាពយោធាវាយបកទៅលើសត្រូវ» ដែលនេះនឹងនាំទៅរកការផ្លាស់ប្ដូរដ៏ធំមួយនៃ គោលនយោបាយ «សន្តិនិយម» ជាយូរណាស់មកហើយរបស់ជប៉ុន។ មួយវិញទៀត ក្រៅតែពីការវិនិយោគលើវិស័យការពារជាតិ ជប៉ុនក៏កំពុងប្រើប្រាស់ ការទូតពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ និងក្រៅតំបន់ផងដែរ ស្របពេលមហាអំណាចសេដ្ឋកិច្ចទី៣ នៅលើពិភពលោកមួយនេះ ត្រូវបានគេ មើលឃើញថាកំពុងវាយតម្លៃឡើងវិញពីសមត្ថភាពយោធារបស់ខ្លួន និងដើរតួនាទីជាដៃគូដ៏គួរឱ្យពឹងផ្អែកបាននៅលើឆាកអន្តរជាតិ។

* ឈានជើងចេញពីស្រមោលរបស់សហរដ្ឋអាមេរិក?
មែនទែនទៅ, ជប៉ុនត្រូវបានគេមើលឃើញថាបានចាប់ផ្ដើមព្យាយាមឈានជើងចេញពី «ស្រមោលរបស់សហរដ្ឋអាមេរិក» តាំងតែពីជំនាន់អតីតនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ មកម្ល៉េះនៅក្រោមចក្ខុវិស័យ «រង្វង់នៃសេរីភាព និងភាពរុងរឿង»។ នៅឆ្នាំ២០០៧, លោក អាបេ បានប្រាប់សមាជិកសភាឥណ្ឌាពីគំនិត បង្កើត «សម្ព័ន្ធភាពប្រជាធិបតេយ្យ» ឬគេស្គាល់ថា «broader Asia» និងបានទទូចឱ្យឥណ្ឌាចូលរួមធ្វើការជាមួយទីក្រុង តូក្យូ ក្នុងការលើកកម្ពស់សន្តិសុខ និងសន្តិភាពនៅក្នុងតំបន់។ តាមរយៈគំនិតនេះឯង បានធ្វើឱ្យកិច្ចសន្ទនាសន្តិសុខចតុភាគី ក្វាដ (Quad) ដែលជាសម្ភ័ន្ធភាពយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក, អូស្ត្រាលី, ជប៉ុន និងឥណ្ឌា ភ្ញាក់ពីដំណេកឡើងវិញ។

ការព្យា យាមបង្រួបបង្រួមសម្ព័ន្ធភាពប៉ាស៊ីហ្វិករបស់លោក អាបេ នៅពេលនោះ ធ្វើឡើងនៅចំពេលដែលចិនបានវ៉ាដាច់ជប៉ុន ក្លាយជាមហាសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក មកទល់នឹងសព្វថ្ងៃ។ នៅចំពោះមុខការព្រួយបារម្ភពីការកើនឡើងឥទ្ធិពលចិនទាំងសេដ្ឋកិច្ច និងយោធា, នៅឆ្នាំ២០១៦ លោក អាបេ បានធ្វើបច្ចុប្បន្នភាពគោលគំនិត «រង្វង់នៃសេរីភាព និងភាពរុងរឿង» របស់លោកឱ្យទៅជា «សេរីភាព និងការបើកចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ឬហៅកាត់ថា FOIP។

បើតាមអ្នកជំនាញដូចជា លោក គែន ជីមបូ (Ken Jimbo) ជាអ្នកជំនាញផ្នែកសន្តិសុខជាតិ និងជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ កេអ៉ីយ៉ូ (Keio University) តាមរយៈគោលគំនិត FOIP ព្រមទាំងក្វាដ, ជប៉ុនដឹងខ្លួនច្បាស់ថាមិនអាចផ្ដេកផ្ដួល ឬស្ថិតនៅក្រោមស្រមោលរបស់សហរដ្ឋអាមេរិក តទៅទៀត បាននោះទេ តែត្រូវធ្វើជាដៃគូស្មើមុខស្មើមាត់ជាមួយសហរដ្ឋអាមេរិក។

* ពង្រឹងសម្ព័ន្ធភាពសន្តិសុខឱ្យកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក
ការចេញពីស្រមោលរបស់សហរដ្ឋអាមេរិក មិនមែនមានន័យថា ជប៉ុនត្រូវដើរចេញឱ្យឆ្ងាយពីទីក្រុងវ៉ាស៊ីនតោននោះទេ ហើយរឿងបែបនេះក៏ប្រហែលជាមិន អាចទៅរួចដែរ។ ប៉ុន្តែ បើតាមលោក Ken Jimbo, ជប៉ុនមិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិកទាំងស្រុង ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួនឯងបាននោះទេ ហើយសង្រ្គាមនៅអ៊ុយក្រែន គឺជាឧទាហរណ៍ស្រាប់ និងបានផ្ដល់មេរៀនដ៏សំខាន់ដល់ជប៉ុននូវពាក្យមួយឃ្លាថា «បើយើងមិនអាចការពារខ្លួនឯង, អ្នកផ្សេង ក៏មិនអាចជួយយើងបានដែរ»

លោក Ken Jimbo បានបន្ថែមថាជប៉ុនក៏បានទទួលស្គាល់ការពិតនេះដែរថា ខ្លួនមិនអាចពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិកទៀតទេ ព្រោះវាមិនអាចរក្សា ទំនុកចិត្តនយោបាយយូរអង្វែងរវាងប្រទេសទាំង២ ឡើយ។ ចំណែកឯ សហរដ្ឋអាមេរិកក៏រំពឹងដែរថាជប៉ុននឹងដើរតួនាទីជាមេដឹកនាំដ៏រឹងមាំមួយ នៅក្នុងតំបន់ ហើយតូក្យូដឹងថានេះមានន័យថា ខ្លួនចាំបាច់ត្រូវតែពង្រឹងសមត្ថភាពការពារជាតិ។ កាលពីខែធ្នូ ឆ្នាំ២០២១, លោក គីស៊ីដា បានប្រកាសថារដ្ឋាភិបាលរបស់ លោកនឹងអភវិឌ្ឍសមត្ថភាពវាយប្រហារលើមូលដ្ឋានយោធារបស់សត្រូវ។ ចាប់តាំងពីពេលនោះមក, មានការអំពាវនាវកាន់តែច្រើនឡើងនៅក្នុងជួរគណបក្ស កាន់អំណាចរបស់លោក គីស៉ីដា ឱ្យជប៉ុនអភិវឌ្ឍសមត្ថភាពវាយបកទៅលើសត្រូវវិញ មិនមែនត្រឹមតែទប់ទល់នោះទេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សហរដ្ឋអាមេរិក។ ចេតនាមួយនេះអាចនឹងធ្វើឱ្យការរឹតត្បិតនៅក្រោម «រដ្ឋធម្មនុញ្ញសន្តិនិយម» កាន់តែរួមតូច ប៉ុន្តែ វាក៏នឹងកាន់តែពង្រីកសមត្ថភាពវាយបក របស់ជប៉ុន ទៅលើសត្រូវ នៅក្នុងករណីចាំបាច់ផងដែរ។

មកទល់នឹងពេលនេះ, ប្រជាជនជប៉ុនមួយចំនួននៅតែយល់ថាប្រទេសរបស់ពួកគេ គឺជាប្រទេសសន្តិភាពនិយមដែលមិនគួរមានសមត្ថភាពវាយប្រហារលើ ប្រទេសដទៃទេ ដោយគួរតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួនឯងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង, ការកើនឡើងឥទ្ធិពលចិន រួមទាំងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ហាក់ដូចជាបានផ្លាស់ប្ដូរការគិតបែបនេះរបស់ប្រជាជនជប៉ុន។ ពោលគឺ ការស្ទង់មិតមួយ ចេញផ្សាយកាលពីពេលថ្មីៗនេះដោយសារព័ត៌មាន អាសាហ៊ី ស៊ីមប៊ុន (Asahi Shimbun) និងសាកលវិទ្យាល័យតូក្យូ (University of Tokyo) បានបងាញថា ៦៤ភាគរយ នៃប្រជាជនជប៉ុន ៣,០០០នាក់ ដែលត្រូវបានសម្ភាសន៍ បានគាំទ្រឱ្យជប៉ុនពង្រឹងសមត្ថភាពការពារជាតិ ដែលនេះគឺជាតួលេខខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០៣មក។

* ទប់ទល់ការកើនឡើងឥទ្ធិពលចិន
តាមរយៈការចូលរួមជាមួយលោកខាងលិច ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ី លោក គីស៊ីដាបានមើលឃើញពីភាពប្រទាក់ក្រឡាគ្នារវាងសកម្មភាពរបស់រុស្ស៉ី នៅក្នុងតំបន់អឺរ៉ុប និងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយដែលនេះកាន់តែពង្រឹងបេសកកម្មរបស់លោក គីស៊ីដា នៅក្នុងការធ្វើ សមារណកម្មតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក គីស៊ីដា មិនត្រឹមតែបង្កើនទំនាក់ទំនងការទូតជាមួយសម្ព័ន្ធមិត្តអាមេរិក និងក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែលោក ក៏កំពុងបង្ហាញប្រាប់ពិភពលោកដែលថាជប៉ុនគឺជាដៃគូមួយដែលអាចពឹងផ្អែកបាន។

កាលពីពេលថ្មីៗនេះ, ប្រតិភូជប៉ុនមួយក្រុមបានធ្វើដំណើរទៅកាន់ប្រទេសដែនកោះសូឡូម៉ុន បន្ទាប់ពីដែនកោះមួយនេះ និងចិនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខមួយ ដែលសហរដ្ឋអាមេរិក និងអូស្ត្រាលី រួមទាំងជប៉ុន បារម្ភថាអាចនឹងអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ព បើទោះជាទីក្រុងប៉េកាំង បដិសេធ និងអាះអាងថាកិច្ចព្រមព្រៀងនេះមិនប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ក៏ដោយ។ លោកស្រី ក្លេអូ ប៉ាស្កាល់ (Cleo Paskal) ជាអ្នកជំនាញខាងតំប់ឥណ្ឌូ-ប៉ាស៊ីហ្វិកម្នាក់ បាននិយាយថាដំណើរទស្សនកិច្ចការទូតនេះបានគូសបញ្ជាក់ពីចំណាប់អារម្មណ៍របស់ជប៉ុន ដើម្បីបង្ហាញថា ខ្លួនអាចដើរតួនាទីជាអ្នកផ្ដល់ការធានាសន្តិសុខជំនួសឱ្យចិន ឬប្រទេសដទៃទៀតបាន។

បន្ថែមពីលើនេះ, ជប៉ុនក៏ចង់ជំនួសចិនផងដែរ ក្នុងនាមជាអ្នកផ្ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព, ប្រើប្រាស់តែកម្លាំងពលកម្មក្នុងតំបន់ និងមិនយកបំណុលធ្វើជាអន្ទាក់។ តែព្រមពេលជាមួយគ្នា ចិនបាន និងកំពុងតាមមើលយ៉ាងប្រុងប្រយ័ត្នលើកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ដោយ ក្រសួងការបរទេសចិនផ្ទាល់ កាលពីថ្ងៃពុធ ទី១៨ ខែឧសភានេះបានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ា យី បានប្រាប់សមភាគីជប៉ុនរបស់លោកថា គោលគំនិតដែលចង់ឱ្យជប៉ុន និងសហរដ្ឋអាមេរិក រួមដៃគ្នាប្រឆាំងនឹងចិន កើតមានឡើងតាំងតែពីមុនពេលដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន មកកាន់តំបន់អាស៊ីមកម្ល៉េះ ហើយវាមានតែបង្កបរិយាកាសមិនល្អតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ, ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺជាសារមួយដែលទីក្រុងតូក្យូចង់បញ្ជូនប្រាប់ ពិភពលោកថាជប៉ុន ជាប្រទេសមួយដែលកំពុងព្យាយាមការពារប្រជាធិបតេយ្យ និងពង្រឹងទំនាក់ទំនងប្រជាធិបតេយ្យនៅក្នុងតំបន់របស់ខ្លួន ហើយការចូលរួម របស់ជប៉ុន ក្នុងនាមជាមេដឹកនាំនៅក្នុងតំបន់ត្រូវបានគេមើលឃើញថានឹងទទួលបានការស្វាគមន៍៕

ប្រភព៖ CNN (ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២)