(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៉ីរ៉ូកាស៊ុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំជប៉ុន និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី ជុំវិញបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ បន្ទាប់ពីលោក ចូ បៃដិន អះអាងថាសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធា ដើម្បីការពារកោះតៃវ៉ាន់ បើមានការវាយប្រហារពីចិន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

លោក Matsuno បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ខ្លួន ស្តីពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលថាលោកនឹងសុខចិត្តប្រើកម្លាំងទ័ព ដើម្បីការពារកោះតៃវ៉ាន់ប្រឆាំងនឹងប្រទេសចិននោះទេ។

ការលើកឡើងរបស់លោក បៃដិន គឺជាការលើកឡើងដែលទំនងជាបង្ហាញពីបំណងរបស់លោក ក្នុងការការពារកោះតៃវ៉ាន់។ ប៉ុន្តែ លោក Matsuno បានលើកឡើងថា មិនមានការផ្លាស់ប្តូរនៅក្នុងជំហររបស់សហរដ្ឋអាមេរិក និងជប៉ុន លើកោះតៃវ៉ាន់នោះទេ នោះគឺ «ដំណោះស្រាយសន្តិវិធី» ដោយបញ្ជាក់ពី កិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ៕