(ប៉េកាំង)៖ ក្នុងពិធីបើកកិច្ចជំនួបតាមប្រព័ន្ធវីដេអូ រវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេស BRICS ដែលធ្វើឡើង នៅយប់ថ្ងៃទី១៩ ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដោយអធិប្បាយអំពីរឿងធំទាំងពីរ គឺសន្តិសុខនិងការអភិវឌ្ឍយ៉ាងជ្រាលជ្រៅ ហើយគូសបញ្ជាក់ថា ក្នុងនាមជាកម្លាំងវិជ្ជមាន កម្លាំងខិតខំប្រឹងប្រែង និងប្រកបដោយភាពស្ថាបនា ក្នុងសហគមន៍អន្តរជាតិ ប្រទេស BRICS គួរតែធ្វើឱ្យជំនឿចិត្តមានភាពមុតមាំ ពុះពារឧបសគ្គដោយផ្ទាល់ ព្រមទាំងបំពេញបន្ថែមនូវភាពនឹងនរ និងថាមពលវិជ្ជមានក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតក្នុងដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់។ ពាក្យសម្តីដ៏មានសារសំខាន់ទាំងនេះ បាននាំឱ្យសហគមន៍អន្តរជាតិ មានការឆ្លើយតបរួមយ៉ាងទូលំទូលាយ ហើយក៏បានបង្ហាញយ៉ាងពេញលេញក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយក្នុងកិច្ចជំនួបពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសលើកនេះ។

យន្តការសហប្រតិបត្តិការប្រទេស BRICS រួមមានទាំងប្រទេសកំពុងអភិវឌ្ឍន៍ថ្មីចំនួន៥ ដ៏ធំបំផុតលើទូទាំងពិភពលោក ជាប្រទេសនាំមុខនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានដើរតួនាទីដ៏សំខាន់ចំពោះនយោបាយនិងសេដ្ឋកិច្ចពិភពលោក។ សន្តិសុខផ្នែកនយោបាយជាសសរទ្រូងដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ បានបញ្ជាក់ម្តងទៀតថា អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបង់តម្លៃខាងសន្តិសុខរបស់ប្រទេសដទៃទៀត ដើម្បីស្វែងរកសន្តិសុខផ្ទាល់ខ្លួនដោយឯកតោភាគី វាគ្រាន់តែនឹងបង្កជាទំនាស់ និងហានិភ័យថ្មីហើយក៏មិនទៅមិនរួចដែរ។

ថ្លែងក្នុងសុន្ទរកថាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ប្រទេស BRICS ត្រូវយោគយល់ពីផលប្រយោជន៍ជាស្នូល និងការយកចិត្តទុកដាក់ដ៏សំខាន់រៀងៗខ្លួន គោរពអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍គ្នាទៅវិញទៅមក ប្រឆាំងនឹងអនុត្តរភាពនិយម និងអំណាចផ្តាច់ការខាងនយោបាយ ធ្វើពហិការចំពោះគំនិតសង្គ្រាមត្រជាក់ និងការបដិបក្ខជាក្រុម ដើម្បីរួមគ្នាបង្កើតសហគមន៍រួមសន្តិសុខមនុស្សជាតិ។ គំនិតផ្តួចផ្តើមដ៏លេចធ្លោទាំងនេះ បានចង្អុលបង្ហាញពីទិសដៅសម្រាប់ ការបង្កើនទំនុកចិត្តខាងនយោបាយ និងកិច្ចសហប្រតិបត្តិការខាងសន្តិសុខរវាងប្រទេស BRICS ពោលគឺមានអត្ថន័យជាក់ស្តែងយ៉ាងខ្លាំង។ អស់លោករដ្ឋមន្ត្រីការបរទេសរបស់ប្រទេស BRICS បានបង្ហាញថា នឹងបន្តប្រកាន់ខ្ជាប់ភាពឯករាជ្យនិងម្ចាស់ការ គាំទ្រការដោះស្រាយការវិវាទដោយសន្តិភាពតាមរយៈកិច្ចសន្ទនា ព្រមទាំងអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍សំខាន់ៗ អនុវត្តគោលនយោបាយដែលទទួលខុសត្រូវ ដើម្បីគ្រប់គ្រងប្រសិទ្ធភាពដែលជះឥទ្ធិពល ទៅប្រទេសផ្សេងទៀត និងចៀសវាងកុំឱ្យការដាក់ទណ្ឌកម្មដោយឯកតោភាគី បង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើ ប្រទេសកំពុងអភិវឌ្ឍន៍និងក្រុមមនុស្សទន់ខ្សោយ។

ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍជាភារកិច្ចសំខាន់មួយទៀតរបស់ប្រទេស BRICS។ ប្រឈមនឹងការដែលភាពមិនប្រាកដប្រជា ក្នុងការស្តារសេដ្ឋកិច្ចសកលឡើងវិញ កើនឡើងជាបន្តបន្ទាប់ និងបញ្ហាអតុល្យភាពយ៉ាងលេចធ្លោ ប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍បង្កើន កិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា វាមានសារសំខាន់ជាងពេលណាៗទាំងអស់។
ពិតមែនតែពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ហើយសន្តិសុខអន្តរជាតិនិងការងើបឡើងវិញ នៃសេដ្ឋកិច្ចបានជួបបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ប៉ុន្តែឱ្យតែប្រទេស BRICS មានគោលបំណងដូចគ្នា និងរួមសុខរួមទុក្ខរួមសហការជាមួយគ្នា សម្រេចបាននូវសន្តិសុខនិងការអភិវឌ្ឍ នោះ មុខជានឹងធ្វើឱ្យខ្លួនឯងមានភាពកាន់តែខ្លាំងក្លា ហើយដើរ «តួនាទី BRICS» ដ៏ពិសេសក្នុងស្ថានភាពប្រែប្រួល និងបំពេញបន្ថែមនូវ «កម្លាំង BRICS» កាន់តែច្រើនក្នុងការអភិវឌ្ឍនៃទូទាំងពិភពលោកជាមិនខាន៕