(វ៉ាស៊ីនតោន)៖ ប្រធានអគ្គសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ ម៉ាក មីលលី (Mark Milley) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ ថាតើត្រូវបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែនឡើងវិញ ឬយ៉ាងណានោះទេ បើទោះបីជាលោកបានទទួលស្គាល់ថា ផែនការកម្រិតទាបកំពុងដំណើរការក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មាន លោក មីលលី បានទទួលស្គាល់ថា មន្រ្តីរបស់ខ្លួនកំពុងរៀបចំផែនការបញ្ជូនទាហានអាមេរិក ត្រឡប់ទៅអ៊ុយក្រែនវិញ ប៉ុន្តែផែនការ នោះមិនទាន់បញ្ជូនមកឲ្យលោកធ្វើការពិនិត្យឡើងវិញ ឬដាក់ជូនរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅឡើយទេ រីឯការសម្រេចចិត្តចុងក្រោយ គឺអាស្រ័យលើលោកប្រធានាធិបតី ចូ បៃដិន។

លោកបន្ថែមថា «ការបញ្ជូនកងកម្លាំងអាមេរិក ត្រឡប់ទៅអ៊ុយក្រែនវិញ គឺជាការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូច្នេះផែនការនេះគឺនៅឆ្ងាយពីអ្វីដែល យើងមើលឃើញ ខណៈគ្មានផែនការណាមួយ ត្រូវបានដាក់ជូនរដ្ឋមន្រ្តីការពារជាតិ នោះទេ»

គួរបញ្ជាក់ថា លោក ចូ បៃដិន បានសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអ៊ុយក្រែន មុនពេលការឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីចៀសវាង ជម្លោះដោយផ្ទាល់ជាមួយមូស្គូ។ ប៉ុន្តែ ស្ថានការណ៍មានការផ្លាស់ប្តូរ រួមទាំងការបើកស្ថានទូតអាមេរិកឡើងវិញ បាន និងកំពុងបង្កឱ្យមានការចោទជាសំណួរថាតើ ទាហានអាមេរិក អាចនឹងត្រូវតម្រូវឱ្យត្រឡប់ទៅវិញ ដើម្បីជួយធានាសន្តិសុខអ្នកការទូត ក្នុងប្រទេសដែលកំពុងមានសង្រ្គាមដែរឬទេ៕