(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន ព្រះអង្គម្ចាស់ ណារូហ៊ិតូ (Naruhito) បានអនុញ្ញាតឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ចូលគាល់នៅឯព្រះរាជដំណា ព្រះចៅអធិរាជជប៉ុន ព្រះអង្គម្ចាស់ ណារូហ៊ិតូ (Naruhito) បានអនុញ្ញាតឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ចូលគាល់នៅឯព្រះរាជដំណាក់ ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយព្រះអង្គបានបង្ហាញពីក្តីសង្ឃឹម ក្នុងការលើកកម្ពស់ទំនាក់ទំនង ជប៉ុន-អាមេរិក បន្ថែមទៀត។ នេះបើយោងតាមការដកផ្សាយ ចេញពីសារព័ត៌មានជប៉ុន ក្យូដូ (Kyodo) នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

បើតាមមន្រ្តីរាជវាំង, ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីឡើងកាន់តំណែង លោក បៃដិន បានប្រាប់ព្រះចៅអធិរាជជប៉ុនថា ប្រទេសទាំងពីរមានចំណងទំនាក់ទំនងរឹងមាំ ហើយជប៉ុន គឺជាដៃគូរដ៏សំខាន់បំផុតរបស់ខ្លួន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចំណែក ព្រះចៅ ណារូហ៊ិតូ បានឆ្លើយតបថា ទ្រង់សង្ឃឹមថាចំណងមិត្តភាពនិងសុឆន្ទៈរវាង ជប៉ុន និង សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើនថែមទៀត តាមរយៈដំណើរទស្សនកិច្ចនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា ជំនួបរវាងលោកប្រធានាធិបតីអាមេរិក និង ព្រះចៅអធិរាជប៉ុន នាពេលនេះគឺមានគោលបំណងបញ្ជាក់ពី ភាពរឹងមាំនៃទំនាក់ទំនង សហរដ្ឋអាមេរិក-ជប៉ុន ដែលចាក់ឬសយ៉ាងជ្រៅ សម្រាប់ប្រជាជនជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ព្រះចៅ ណារូហ៊ិតូ និង លោក បៃដិន ធ្លាប់បានជួបគ្នា កាលពីខែធ្នូ ឆ្នាំ២០១៣ នៅពេលដែលព្រះអង្គ មានឋានៈនៅត្រឹមជា ព្រះរាជទាយាទនៅឡើយ ហើយលោក បៃដិន កាន់តំណែងជា អនុប្រធានាធិបតីអាមេរិក នៃរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ នេះគឺជាលើកទី២ហើយ ដែលព្រះចៅអធិរាជជប៉ុន ណារូហ៊ិតូ បានស្វាគមន៍វត្តមានប្រធានាធិបតីអាមេរិក ខណៈលើកទីមួយគឺ កាលពីឆ្នាំ២០១៩ កំលុងអាណត្តិរបស់លោក ដូ ណាល់ត្រាំ៕