(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានរាយការណ៍ឱ្យដឹងថា មិនមានការស្លាប់ថ្មីៗ ក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញគ្រុនក្តៅ នៅក្នុងប្រទេសនោះទេ ដែលជាលើកដំបូង គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 រយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ហើយខ្លួនក៏កំពុងសង្កេតឃើញ ទំនោរថមថយគួរឱ្យកត់សម្គាល់ផងដែរ ក្នុងករណីពាក់ព័ន្ធ នឹងជំងឺរាតត្បាតនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

ករណីឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងបន្តនៅកូរ៉េខាងជើង បានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហាខ្វះខាតវ៉ាក់សាំង ធនធានវេជ្ជសាស្ត្រ ក៏ដូចជាវិបត្តិស្បៀងអាហារថែមទៀតផង នៅក្នុងប្រទេស ដែលមានប្រជាជនជាង ២៥លាននាក់មួយនេះ។

ប៉ុន្តែកូរ៉េខាងជើងបាននិយាយថា ខ្លួនកំពុងរាយការណ៍ពី «ភាពជោគជ័យ» ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ហើយថា មិនមានការស្លាប់ថ្មីៗក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញាគ្រុនក្តៅនោះទេ គិតត្រឹមល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ បើទោះបីជាមានមនុស្សចំនួន ១៣៤,៥១០នាក់បន្ថែមទៀត បានចេញរោគសញ្ញាគ្រុនក្ដៅក៏ដោយ ដែលនាំឱ្យចំនួនអ្នកមានរោគសញ្ញាគ្រុនក្ដៅ សរុបកើនឡើងដល់ជាង ២.៩៥លាននាក់ ខណៈចំនួនអ្នកស្លាប់សរុបស្ថិតនៅក្នុងចំនួន ៦៨នាក់ដដែល។

ទោះជាយ៉ាងណា កូរ៉េខាងជើង បានកត់សម្គាល់ពីការធ្លាក់ចុះ នៃចំនួនអ្នកជំងឺដែលចេញរោគសញ្ញាគ្រុនក្ដៅក្រោម ២០០,០០០នាក់រយៈពេល ៣ថ្ងៃជាប់ៗគ្នាមកហើយ ហើយជាលើកដំបូងសម្រាប់កូរ៉េខាងជើងក្នុងការរាយការណ៍ថា មិនមានការស្លាប់ថ្មីៗទាក់ទងនឹងករណីជំងឺ COVID-19។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ ដោយសារតែគ្មានយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្នាក់ជាតិ ហើយសមត្ថភាពនៃការធ្វើតេស្តមានកំណត់ ដូច្នេះទិន្នន័យដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អាចមានចំនួនមិនជាក់លាក់ និងពិបាកក្នុងការតាមដានទំហំពិតប្រាកដនៃការឆ្លងរីករាលដាលណាស់៕