(ប៉េកាំង)៖ ថ្មីៗនេះ ចិនបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាគណបក្សនយោបាយ ធនាគារគំនិត និងអង្គការសង្គមស៊ីវិល នៃក្រុមប្រទេស BRICS (BRICS គឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

ក្រុមប្រទេស BRICS មានផ្ទៃដីសរុបរួមគ្នាប្រមាណ ៣៩,៧៤៦,២២០គីឡូម៉ែត្រក្រលា ឬប្រហែល២៦.៧%នៃផ្ទៃដីពិភពលោក និងមានប្រជាជនសរុបប៉ាន់ស្មានប្រហែល ៣.២១ពាន់លាន ឬស្មើនឹង៤១.៥%នៃចំនួនប្រជាជនពិភពលោក។ ចាប់តាំងពីកិច្ចប្រជុំការទូតពេញលេញលើកទី១ ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេស BRICS បានជួបប្រជុំប្រចាំឆ្នាំ) លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកទឹកចិត្តឱ្យក្រុមប្រទេស BRICS «ខិតខំធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុនកាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ»។

ចិនតែងអនុវត្តស្របតាមពាក្យសម្តីរបស់ខ្លួន ឬអាចនិយាយម្យ៉ាងទៀតថា ចិនយកសម្តី និងទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន ដែលនេះបានជំរុញនិងលើកទឹកចិត្តឱ្យសហគមន៍អន្តរជាតិ តែងចូលរួមប្រកៀកស្មារជាមួយចិន នៅក្នុងគំនិតផ្តួចផ្តើមជាច្រើន ដែលបានផ្តើមឡើងដោយប្រទេសចិន ដែលជាពិសេសគំនិតផ្តួចផ្តើមសន្តិសុខសកល។
ដោយទទួលបានការសាទររបស់ចិនលើគំនិតផ្តួចផ្តើមសន្តិសុខសកល ក្រុមប្រទេស BRICS បានប្រារព្ធកិច្ចប្រជុំសន្ទនា ថ្នាក់រដ្ឋមន្ត្រីការបរទេស «BRICS+» ជាលើកដំបូង ដែលបានចូលរួមបន្ថែមសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រទេស BRICS ជាមួយនឹងប្រទេសដែលមានទីផ្សាររីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។

ខុសពីប្រទេសចិនដែលភក្តីភាពចំពោះសន្តិភាពនិងការអភិវឌ្ឍ សហរដ្ឋអាមេរិកដែលកំពុងយកលេសរបស់ខ្លួន ក្នុងការដើរតួនាទីជានគរបាលពិភពលោក ដោយប្រើប្រាស់លេសនៃបញ្ញត្តិ សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដែលមានលក្ខណៈស្តង់ដារឯកត្តោភាគី ហើយនៅទីបំផុត កំពុងធ្វើការបែងចែកបក្សពួក ជំរុញប្រទេសនីមួយៗ ឃ្លាតឆ្ងាយពីមូលដ្ឋាន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។

ជាការពិត ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ណាមួយសុទ្ធតែត្រូវធ្វើតាម និន្នាការវិវត្តនៃសន្តិភាពនិងការអភិវឌ្ឍ ក្នុងយុគសម័យថ្មី ត្រូវបង្កើនទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានានៅក្នុងតំបន់ ហើយមិនត្រូវសំដៅទៅលើភាគីទី៣ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទី៣ មិនត្រូវធ្វើសកម្មភាពដែលប្រកបដោយលក្ខណៈជ្រើសរើស និងផ្តាច់មុខយ៉ាងច្បាស់នោះទេ។

ក្នុងពេលបច្ចុប្បន្ន សន្តិភាពជាតម្លៃដែលមិនអាចកាត់ថ្លៃបាន ជាក់ស្តែងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហរការបរទេសរបស់កម្ពុជាថា កម្ពុជាមិនបានជ្រើសរើសចិនប្រឆាំងនឹងអាមេរិក ឬជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសណានោះឡើយ ដោយកម្ពុជាប្រកាន់ខ្ជាប់ នូវគោលនយោបាយការបរទេសចម្រុះពណ៌។

ដូចគ្នាដែរ ឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេន G20 ហើយប្រទេសថៃដែលជាម្ចាស់ផ្ទះរៀបចំវេទិកា APEC ក៏បានយល់ស្របពីតម្លៃសន្តិសុខតំបន់ និងការអភិវឌ្ឍ ដែលបណ្តាប្រទេសនៅអាស៊ានកំពុងទទួលបាន ផលប្រយោជន៍យ៉ាងច្បាស់លាស់ពីគំនិតផ្តួចផ្តើមរបស់ចិន ដែលជាពិសេសការរីកចម្រើនសេដ្ឋកិច្ច តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀង RCEP ជាដើម។

ការណ៍នេះអាស៊ានយល់ច្បាស់ថាគំនិតផ្ដួចផ្ដើមណាក៏ដោយ នៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក ដែលផ្តួចផ្តើមដោយអាមេរិក ត្រូវឈរលើគោលការណ៍៣យ៉ាង ទី១-ត្រូវតែបម្រើដល់សន្តិភាពនិងការអភិវឌ្ឍ ទី២-មិនប្រឆាំងប្រទេសណាមួយ និងទី៣-ត្រូវតែគោរពឯកភាពជាតិ ឯកភាពមជ្ឈភាពរបស់អាស៊ាន។ អាមេរិកដែលជាអ្នកចូលរួមផ្តួចផ្តើមទៅជាអ្នកដកថយ ទៅជាអ្នកបំផ្លាញ និងទៅជាអ្នករារាំងដំណើរការសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក ជាក់ស្តែងក្នុងឆ្នាំ២០១៥ សហរដ្ឋអាមេរិកបានប្រកៀកស្មារជាមួយចិន ដើម្បីអំពាវនាវឱ្យមានសន្ធិសញ្ញារឹងមាំ និងស្របច្បាប់ដែលទីបំផុតបានក្លាយជាកិច្ចព្រមព្រៀងប៉ារីស។

គិតមកដល់ទល់ពេលនេះ នៅពេលដែលចិនកំពុងព្យាយាមអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបែរជាដកខ្លួនចេញ។ តាមរយៈការព្រងើយកន្តើយ និងការបំពានលើកិច្ចព្រមព្រៀងនេះ ហើយបើតាមសារព័ត៌មានថ្មីៗបានបញ្ជាក់ថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ ផ្នែកឧតុនិយមអង់គ្លេស ចុះផ្សាយលើទិនានុប្បវត្តិ EcoWatch ផែនដីទំនងជាត្រូវទទួលរងកម្ដៅបន្ថែមជាង១,៥អង្សាសេទៀត នា៥ឆ្នាំខាងមុខ។ ការកើនឡើងកម្ដៅបន្ថែម នឹងបំផ្លាញប្រព័ន្ធជីវចម្រុះលើភពផែនដីខ្លាំងទៅៗ មិនអាចប្រកែកបាន។

ដោយឡែក បច្ចុប្បន្នភាពនៃវិបត្តិរុស្ស៊ី និងអ៊ុយក្រែនវិញ ការណ៍ដែលអាមេរិកបានលើកឡើងថា ខ្លួនកំពុងព្យាយាមឱ្យមាន ស្ថានភាពប្រសើរឡើងសម្រាប់ប្រជាជនអ៊ុយក្រែន ជាការបំភ័ន្តព័ត៌មាន ព្រោះតាំងពីពេលដែលរុស្ស៊ីប្រតិបត្តិការយោធាពិសេសមក អាមរិកបានផ្តល់ជំនួយសព្វាវុធឥតដាច់ដល់អ៊ុយក្រែន ហើយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០២២នេះ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខានៅលើច្បាប់ជួល-ខ្ចីសម្ភារយោធា «Lend-lease» សម័យទំនើប ដែលនឹងជួយឱ្យសហរដ្ឋអាមេរិក កាន់តែងាយស្រួល ក្នុងការបញ្ជូនជំនួយសព្វាវុធទៅកាន់អ៊ុយក្រែន។

ដើម្បីប្រឆាំងនឹងរុស្ស៊ី ដែលប្រៀបដូចជាយកសាំងមកចាក់លើភ្លើង ដែលកំពុងឆាបឆេះ។ អាមេរិកមិនទាន់បានស្កប់ស្កល់នឹង ការបញ្ឆេះសង្គ្រាមនៅតាមតំបន់និងទ្វីបនានា នៅទូទាំងពិភពលោក ករណីអ៊ីរ៉ាក់ លីប៊ី សេរ៊ី អាហ្វហ្គានីស្ថាន កំពុងក្លាយជាឧទាហរណ៍យ៉ាងប្រត្យក្ស នៃសោកនាដកម្មដែលផ្តើមដោយលេសទាំងនេះ ដែលជាការបង្ហាញឱ្យឃើញពីអនុត្តរភាព និងការលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសនានា ហើយអាមេរិកកំពុងដាក់សម្លេងអាសន្ននៅកោះតៃវ៉ាន់ ដើម្បីលើកទឹកចិត្តដល់តៃវ៉ាន់ដើរខុសពីគន្លងដ៏ត្រឹមត្រូវរបស់ខ្លួន ដោយហ៊ានចេញមុខចំហក្នុងការប្រកាសឯករាជ្យ ហើយថ្មីៗនេះកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងត្បូងដែលទើបឡើងកាន់អំណាច មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពង្រីក និងពង្រឹងសមយុទ្ធយោធារួមគ្នា ដែលនឹងនាំឱ្យមានកង្វល់ កាន់តែខ្លាំងឡើងពីសន្តិសុខសកល នៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ ដែលនេះនៅមិនទាន់រាប់ដល់កិច្ចព្រមព្រៀងចតុភាគី QUAD និងកិច្ចព្រមព្រៀងត្រីភាគី AUKUS ដែលបានរំខាននិងគម្រាមដល់សន្តិសុខរបស់តំបន់និងពិភពលោក។

សហគមន៍អន្តរជាតិបានដឹងច្បាស់រួចមកហើយថា ដើម្បីរក្សាបាននូវផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក ជាងពេលណាៗទាំងអស់ ដែលសហគមន៍អន្តរជាតិនៅតែបន្តការគាំទ្រ និងចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីប្រកៀកស្មារជាមួយចិនក្នុងការអនុវត្ត នូវគំនិតផ្តួចផ្តើមរបស់ចិនស្តីពីអភិបាលកិច្ចជាសកល សន្តិសុខសកល និងអភិវឌ្ឍន៍សកល ស្របតាមគោលគំនិតដើមរួមគ្នាស្តីពី ការប្រកាន់ខ្ជាប់ដោយឥតងាករេនូវពហុភាគីនិយម ការប្រកាន់ខ្ជាប់ដោយភក្តីភាព ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រកាន់ខ្ជាប់ដោយឥតរាថយ នូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ទង្វីរបស់ចិនតែងបានស្របនឹងពាក្យសម្តី ឬអាចនិយាយថា ចិនធ្វើច្រើន និយាយតិច ហើយនេះគំនិតផ្តួចផ្តើមដ៏ល្អរបស់ប្រទេសចិន មិនត្រឹមតែបានសាទរនិងចូលរួមអនុវត្តដោយក្រុមប្រទេស BRICS និងសហគមន៍អន្តរជាតិប៉ុណ្ណោះទេ សូម្បីក្រុមប្រទេស ASEAN កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងសិក្ខាសាលានៃ «វេទិកាទំនាក់ទំនងរវាងចិននិងអាស៊ានទីក្រុងហ្សាការតា» តាមប្រព័ន្ធវីដេអូបានឯកភាពគ្នាថា «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល ដែលបានផ្តួចផ្តើមដោយចិន មានគំនិតស្រដៀងគ្នាជាច្រើន ជាមួយចក្ខុវិស័យសហគមន៍រួមរបស់ ASEAN។ ការបង្កើនការតភ្ជាប់យុទ្ធសាស្ត្រជាមួយ គំនិតផ្តួចផ្តើមការអភិវឌ្ឍជាសកល នឹងជួយដល់កិច្ចកសាងសហគមន៍រួមរបស់ ASEAN និងជំរុញរបៀបវារៈស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០»

អត្ថបទដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន