(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា មន្រ្តីសុខាភិបាលអាមេរិក កំពុងស្ថិតក្នុងដំណើរការបញ្ចេញវ៉ាក់សាំង ជីននេអូស (Jynneos) មួយចំនួន សម្រាប់ការពារជំងឺអុតស្វា (monkeypox) ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

យោងតាមក្រុមមន្រ្តី CDC បច្ចុប្បន្នមានវ៉ាក់សាំងច្រើនជាង ១,០០០ដូស នៅក្នុងស្តុក ដែលសហរដ្ឋអាមេរិកបានអនុម័ត កាលពីឆ្នាំ២០១៩ ហើយពួកគេរំពឹងថា ចំនួនវ៉ាក់សាំងនឹងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ វ៉ាក់សាំង Jynneos ត្រូវបានផលិតដោយក្រុមហ៊ុន បាវ៉ារៀន ណរឌីក (Bavarian Nordic) ហើយវាត្រូវបានអនុម័ត នៅសហរដ្ឋអាមេរិក សម្រាប់ការប្រើប្រាស់ប្រឆាំងជំងឺអុតស្វាយ (chickenpox) និងជំងឺអុតស្វា លើមនុស្សពេញវ័យ ដែលមានហានិភ័យខ្ពស់ ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ។

លោកស្រី ជេននីហ្វឺ ម៉េកឃ្វីស្តុន (Jennifer McQuiston) នាយករងផ្នែកបង្ការរោគ និងរោគសាស្ត្រនៃ CDC បាននិយាយថា «ឥលូវនេះយើងសង្ឃឹមថា នឹងអាចចែកចាយវ៉ាក់សាំងទៅដល់ អ្នកនឹងអាចទទួលអត្ថប្រយោជន៍ពីវា។ បុគ្គលទាំងនោះ គឺជាអ្នកដែលពាក់ព័ន្ធជាមួយអ្នកជំងឺអុតស្វា ដូចជាបុគ្គលិកថែទាំសុខភាព, មនុស្សជិតស្និទ្ធ ហើយជាពិសេស ក្រុមបុគ្គល ដែលមានហានិភ័យខ្ពស់ចំពោះជំងឺធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា monkeypox គឺជាមេរោគដែលអាចបណ្តាលឲ្យមានរោគសញ្ញាគ្រុនក្តៅ, ឈឺខ្លួន និងមានកន្ទួលធំៗនៅលើស្បែក។ អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា ខ្លួនកំពុងតាមដានការវិវដ្តនៃមេរោគនេះ នៅក្នុងប្រទេសដែលមិនធ្លាប់កើតមាន នូវជំងឺនេះ៕