(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

បើតាមនាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង, មីស៊ីលផ្លោងទាំង៣គ្រាប់ខាងលើ ត្រូវបានកូរ៉េខាងជើងបានចេញពីតំបន់ Sunan នៃភាគជើងរដ្ឋធានីព្យុងយ៉ាង។ ចំណែកឯ រដ្ឋាភិបាលជប៉ុន បានរាយការណ៍ពីការធ្វើតេស្ដមីស៊ីលចំនួន ២គ្រាប់ តែក៏បានទទួលស្គាល់ដែរថា មីស៊ីលដែលត្រូវបានធ្វើតេស្ដអាចមានលើសពី ២គ្រាប់។ បន្ថែមពីលើនេះ ទីក្រុងតូក្យូបានបញ្ជាក់ទៀតថាមីស៊ីលមួយគ្រាប់ក្នុងចំណោមមីស៊ីល ដែលកូរ៉េខាងជើងបានបាញ់សាកល្បង ហោះបានក្នុងចម្ងាយ ៧៥០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥០គីឡូម៉ែត្រ ខណៈមីស៊ីលមួយគ្រប់ទៀត ហោះបានចម្ងាយ ៣០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា បើតាមមន្ត្រីសេតវិមានម្នាក់, លោក ចូ បៃដិន ដែលបានចាកចេញពីប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ក៏ទទួលបាន ការជូនដំណឹងពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងនេះដែរ ហើយនឹងបន្តទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត៕