(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងបន្លាយពេលការដាក់ពង្រាយកងកម្លាំងការពារជាតិនូវែលសេឡង់ នៅក្នុងប្រទេសដែនកោះសូឡូម៉ុន (Solomon) រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំពេលមានការព្រួយបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច អំពីការកើនឡើងនៃវត្តមានរបស់ចិន ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

នៅក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់សូឡូម៉ុន គឺលោក ជឺរ៉េម៉ាយយ៉ា ម៉ាណេឡេ (Jeremiah Manele), រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោកស្រី ណានៀយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ភាពជា ដៃគូររបស់យើង មិនត្រឹមតែលើកកម្ពស់សន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និងតម្រូវការអភិវឌ្ឍន៍ជាច្រើនទៀតក្នុងតំបន់»

លោកស្រី ម៉ាហ៊ូតា ក៏បានរំលឹកឡើងវិញផងដែរនូវការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងសន្តិសុខរវាងសូឡូម៉ុន- ចិន ហើយបានស្វាគមន៍ការធានារបស់ លោក ម៉ាណេឡេ ថាកិច្ចព្រមព្រៀងនេះនឹងមិននាំទៅដល់ការបង្កើតមូលដ្ឋានយោធាចិននោះទេ។ លោកស្រី ក៏បានគូសបញ្ជាក់ពីតម្រូវការយល់ដឹង និងពិភាក្សាអំពីផលប៉ះពាល់ក្នុងតំបន់ ចំពោះកិច្ចព្រមព្រៀងនេះ នៅក្នុងចំណោមសមាជិកនៃវេទិកាកោះប៉ាស៊ីហ្វិកផងដែរ។

គួរបញ្ជាក់ថា នូវែលសេឡង់ បានដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសសូឡូម៉ុន តាមសំណើរបស់រដ្ឋាភិបាលនៃដែនកោះមួយនេះ កាលពីចុងឆ្នាំ២០២១ ក្រោយពីមានកុបកម្មផ្ទុះឡើងក្នុងរដ្ឋធានី អូនៀរ៉ា (Honiara) ដែលជាផ្នែកមួយនៃកងកម្លាំងជំនួយអន្តរជាតិសម្រាប់សូឡូម៉ុន ដែលដឹកនាំដោយ ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន ហ្វីជី អូស្ត្រាលី និង ប៉ាពូអាស៊ីនូវែលហ្គីណេ៕