(មូស្គូ)៖ សភារបស់ប្រទេសរុស្ស៉ី នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលនឹងផ្តល់អំណាចដល់រដ្ឋអាជ្ញា ក្នុងការបិទការិយាល័យប្រព័ន្ធផ្សព្វផ្សាយបរទេស នៅទីក្រុងមូស្គូ ប្រសិនបើប្រទេសលោកខាងលិច ប្រកាន់ជំហរអមិត្ត ចំពោះបណ្តាញព័ត៌មានរុស្ស៉ី ដើម្បីជាការឆ្លើយតបនឹង ការបិទបណ្តាញព័ត៌មានរដ្ឋរុស្ស៉ីពីសំណាក់ ប្រទេសទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម្រេចដំណាក់កាលដំបូងដោយសភាជាន់ទាប ដែលនឹងហាមឃាត់ការចេញផ្សាយអត្ថបទព័ត៌មាន ពីប្រព័ន្ធផ្សព្វផ្សាយណា ដែលការិយាល័យរដ្ឋអាជ្ញាបញ្ជាឲ្យបិទ។ វានឹងត្រូវឆ្លងកាត់ដំណាក់កាលចំនួន២ទៀត នៅសភាជាន់ទាប ហើយត្រូវត្រួតពិនិត្យ ដោយសភាជាន់ខ្ពស់ មុននឹងដាក់ជូនប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ដើម្បីចុះហត្ថលេខា។ អ្នកសារព័ត៌មាននៃស្ថាប័នផ្សព្វផ្សាយណា ដែលល្មើសនឹងច្បាប់នេះ នឹងត្រូវដកហូតសិទ្ធិនិងការទទួលស្គាល់ ដែលមានន័យថា ពួកគេមិនអាចធ្វើការក្នុងប្រទេសរុស្ស៉ីបានទៀតនោះទេ។

បើតាមកំណត់ហេតុពន្យល់ផ្លូវការលើច្បាប់នេះ, សមាជិកសភារុស្ស៉ី បានគូសបញ្ជាក់ថា «ស្ថិតក្នុងស្ថានភាពភូមិសាស្រ្តនយោយបាយបច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយធំៗបានក្លាយជាឧបករណ៍ ចែកចាយព័ត៌មាន ដ៏មានឥទ្ធិពលលើស្ថានភាពព័ត៌មានក្នុងសង្គម»។ ក្រសួងការបរទេសរុស្ស៉ី បានស្តីបន្ទោសលោកខាងលិច ម្តងហើយម្តងទៀត ចំពោះការរារាំងប្រព័ន្ធផ្សព្វផ្សាយ ដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំង ដូចជា ទីភ្នាក់ងារសារព័ត៌មាន Sputnik និងប៉ុស្តិ៍ទូរទស្សន៍ RT ជាដើម ដោយលើកឡើងថា វាជាការដាក់ទណ្ឌកម្ម ដែលមិនគោរពសេរីភាពសារព័ត៌មាន។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងក្លាយជាបញ្ហាប្រឈមបន្ថែមមួយកម្រិតទៀត សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស បន្ទាប់ពីរុស្ស៉ី បានអនុម័តច្បាប់ដាក់ពិន័យលើ អ្វីដែលខ្លួនហៅថាជា «ព័ត៌មានក្លែងក្លាយ» កាលពីខែមីនា កន្លងទៅ៕