(ស៉ីដនី)៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់អូស្ត្រាលី លោកស្រី ផេននី វ៉ុង (Penny Wong) បាននិយាយថា លោកស្រីនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសដីកោះហ្វីជី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងស្របពេលគ្នាជាមួយ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ទៅកាន់ប្រទេសចំនួន៨ នៅតំបន់ប៉ាស៊ីហ្វិក រួមមានហ្វីជី និងសូឡូម៉ុនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ លោកស្រី Wong គឺបន្ទាប់ពីលោកស្រី ទើបតែបានចូលកាន់តំណែង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយនឹងចាប់ផ្តើម បន្ទាប់ពីលោកស្រី ត្រឡប់មកកាន់ប្រទេសអូស្ត្រាលីវិញ នៅថ្ងៃពុធនេះ ក្រោយចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស ក្វាដ (Quad) ដែលធ្វើឡើងនៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោកស្រី Wong បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា «ដំណើរទស្សនកិច្ចនេះ... បង្ហាញពីសារៈសំខាន់លើទំនាក់ទំនងរបស់យើង ជាមួយហ្វីជី និងលើការចូលរួមជាមួយតំបន់ប៉ាស៊ីហ្វិករបស់យើង»។ លោកស្រី Wong នឹងជួបជាមួយនាយករដ្ឋមន្ត្រីហ្វីជី លោក ហ្រ្វែង បៃនីម៉ារ៉ាម៉ា (Frank Bainimarama) ព្រមទាំងសមភាគីហ្វីជី ក៏ដូចជារដ្ឋមន្ត្រីជាន់ខ្ពស់ដទៃទៀតផងដែរ នៅក្នុងដំណើរទស្សនកិច្ចនេះ។

ដំណើរទស្សនកិច្ចរបស់ លោកស្រី Wong នឹងគាប់ជួបគ្នាជាមួយនឹង ដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេស ចិនទៅកាន់កោះហ្វីជី (Fiji), សូឡូម៉ុន (Solomon), គិរីបាទី (Kiribati), សាម័រ (Samoa), តុងហ្កា (Tonga), វ៉ានួទូ (Vanuatu), ប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea) និង ទីម័រខាងកើត(East Timor) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ខែឧសភា។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរបស់អូស្ត្រាលីជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន បានធ្លាក់ចុះដុនដាបខ្លាំង បន្ទាប់ពីប្រទេសទាំងពីរ បានប៉ះទង្គិចគ្នាលើបញ្ហាមួយចំនួន រួមមានទាំងពាណិជ្ជកម្ម ការស្វែងរកប្រភពដើមនៃជំងឺ COVID-19 និងការចោទប្រកាន់របស់អូស្ត្រាលី ដែលថាចិនជ្រៀតជ្រែកកិច្ចការនយោបាយ៕