(ប៉េកាំង)៖ យោធាចិននៅថ្ងៃពុធនេះ បានឱ្យដឹងថា ថ្មីៗនេះខ្លួនបានធ្វើលំហាត់យោធានៅក្បែរតៃវ៉ាន់ ដើម្បីជាការព្រមានប្រឆាំង ការសមគំនិតរវាងដែនកោះនេះ ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Retuers នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

ទីបញ្ជាការភូមិភាគខាងកើតរបស់យោធាចិន បានលើកឡើងថា ខ្លួនទើបតែបានធ្វើការហាត់សមនិងល្បាត នៅក្នុងដែនអាកាស និងដែនសមុទ្រក្បែរកោះតៃវ៉ាន់។ អ្នកនាំពាក្យរបស់ទីបញ្ជាការ បាននិយាយដូច្នេះថា «នេះជាការព្រមានប្រឆាំងការសមគំនិតគ្នា រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់។ វាគឺជាទង្វើលាក់ពុតនិងឥតបានការ សម្រាប់អាមេរិក ដែលនិយាយផ្សេង ហើយធ្វើផ្សឹងពាក់ព័ន្ធ បញ្ហាតៃវ៉ាន់»

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ តាមរយៈការលើកឡើងថា សហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាជួយតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារលើដែនកោះនេះ។ ប៉ុន្តែនៅថ្ងៃអង្គារ លោក បៃដិន ក៏បានបកស្រាយវិញថា ពុំមានការផ្លាស់ប្តូរឡើយចំពោះគោលនយោបាយរបស់ចិនសម្រាប់បញ្ហាកោះតៃវ៉ាន់។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ចិនពុំបានច្រានចោលនូវ ជម្រើសនៃការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ នោះឡើយ ហើយតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅតែបន្តជាចំណុចដ៏ក្តៅគគុកនៃលទ្ធភាពផ្ទុះឡើងនូវជម្លោះយោធា។

ខ ណៈសហរដ្ឋអាមេរិក ប្រកាន់ខ្ជាប់គោលនយោបាយ «ចិនតែមួយ» ដោយផ្តល់ការទទួលស្គាល់ផ្លូវការ តែចំពោះទីក្រុងប៉េកាំងប៉ុណ្ណោះ នោះ ទីក្រុងវ៉ាស៉ីនតោនបានបង្កើតការប្តេជ្ញា នៅក្រោមច្បាប់របស់ខ្លួនផ្ទាល់ ដើម្បីផ្តល់មធ្យោបាយការពារខ្លួន សម្រាប់កោះតៃវ៉ាន់។ យ៉ាងណាក្តី អាមេរិកបានបន្តដើរតាមគោលនយោបាយយុទ្ធសាស្រ្តមួយ ដែលមិនបញ្ជាក់ពីប្រតិកម្មច្បាស់លាស់តែម្តងនោះឡើយ ជុំវិញការឆ្លើយតបក្នុងករណីដែលចិនបើកការវាយប្រហារលើតៃវ៉ាន់៕