(មូស្គូ)៖ សភារុស្ស៊ីបានអនុម័តច្បាប់មួយកាលពីថ្ងៃពុធ (២៥ ឧសភា) ដើម្បីលុបចោលការកំណត់អាយុ សម្រាប់ការបម្រើតាមកិច្ចសន្យាក្នុងជួរកងទ័ព ចំពេលមានការខាតបង់យ៉ាងធ្ងន់ធ្ងរនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាតយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

សមាជិកសភាជាន់ទាប នៃសភាឌូម៉ាបានអនុម័តសេចក្តីព្រាងច្បាប់នេះ នៅក្នុងការអានចំនួនបីក្នុងសម័យប្រជុំតែមួយ ខណៈសភាជាន់ខ្ពស់ ក្រុមប្រឹក្សាសហព័ន្ធផ្តល់ការយល់ព្រមភ្លាមៗលើសេចក្តីព្រាងច្បាប់នេះ។ វាត្រូវការតែហត្ថលេខារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប៉ុណ្ណោះដើម្បីក្លាយជាច្បាប់។

អ្នកនាំពាក្យសភាឌូម៉ា លោក Vyacheslav Volodin បាននិយាយថា «ថ្ងៃនេះយើងត្រូវតែពង្រឹងកងកម្លាំងប្រដាប់អាវុធ និងជួយក្រសួងការពារជាតិ។ មេបញ្ជាការកំពូលរបស់យើង កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា កងកម្លាំងប្រដាប់អាវុធរបស់យើងឈ្នះ ហើយយើងត្រូវតែជួយ»

បច្ចុប្បន្ននេះមានតែជនជាតិរុស្ស៊ីដែលមានអាយុចន្លោះពី ១៨ទៅ ៤០ឆ្នាំ និងជនបរទេសដែលមានអាយុចន្លោះពី ១៨ទៅ៣០ឆ្នាំប៉ុណ្ណោះ ដែលអាចចុះឈ្មោះជាទាហានអាជីពនៅក្នុងយោធារុស្ស៊ីបាន។

កម្លាំង រុស្ស៊ី បាន រង ការ ខាតបង់ យ៉ាង ខ្លាំង ក្នុង ការ ប្រយុទ្ធ គ្នា នៅ អ៊ុយក្រែន។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃទី ២៥ខែមីនាកន្លងទៅថា បុគ្គលិករុស្ស៊ីចំនួន ១,៣៥១នាក់ ត្រូវបានសម្លាប់ និង ៣,៨២៥នាក់បានរងរបួសចាប់តាំងពីទីក្រុងមូស្គូ បានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ខែកុម្ភៈ។ ប៉ុន្តែតួលេខចុងក្រោយ មិនត្រូវបានធ្វើបច្ចុប្បន្នភាពនៅឡើយទេ៕