(កៀវ)៖ រុស្ស៉ី កាលពីថ្ងៃទី២០ ខែឧសភានេះ បានប្រកាសជ័យជម្នះទាំងស្រុងលើរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីក្រុមចុងក្រោយនៃអ្នកប្រយុទ្ធរបស់អ៊ុយក្រែន បានទម្លាក់អាវុធចុះចាញ់ ហើយដែលនេះបានក្លាយជាជ័យជម្នះដ៏ធំបំផុតរបស់រុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

នៅក្នុងសុន្ទរកថាប្រកាសបញ្ជូនកងទ័ពវាយសម្រុកចូលអ៊ុយក្រែន ក្រោមស្លាក «ប្រតិបតិ្តការយោធាពិសេស» ដែលលោកខាងលិចហៅថា «ជាការឈ្លានពាន», លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនបានអះអាងថា «ការធ្វើវិយោធកម្ម» (Demilitarization) និង «បដិណាហ្ស៊ីនីយកម្ម» (Denazification) គឺជាគោលដៅដ៏ធំ នៃសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។

« វិយោធកម្ម» ឬ Demilitarization ជាភាសាអង់គ្លេស គឺចង់សំដៅទៅលើសកម្មភាពកាត់បន្ថយ ឬរំសាយចោលទាំងស្រុងតែម្ដងនូវសព្វាវុធ និងវត្តមានយោធា នៅក្នុងតំបន់ភូមិសាស្រ្តណាមួយ។ ចំណែឯ «បដិណាហ្ស៊ីនីយកម្ម» ឬ Denazification មានន័យថាជាមនោគមន៍វិជ្ជានយោបាយមួយដែលភ្ជាប់ខ្លួន ឬទទួលយក មនោគមន៍វិជ្ជានៃគណបក្សជាតិនិយមអាល្លឺម៉ង់ណាហ្ស៊ីរបស់អតីតមេដឹកនាំអាដុលហ្វ៍ ហ៊ីត្លែរ (Adolf Hitler)។

ម្លោះហើយ, ការទម្លាក់អាវុធចុះចាញ់របស់ទាហានអ៊ុយក្រែននៅក្នុងរោងចក្រ Azovstal ហាក់ដូចជាបានបង្ហាញថាលោក ពូទីន កំពុងសម្រេចគោលដៅរបស់ លោកជាបណ្ដើរៗ នោះគឺការធ្វើបដិណាហ្ស៊ីនីយកម្ម តែម្ដង។ ពីព្រោះទាហានអ៊ុយក្រែនជាងពាក់កណ្ដាលក្នុងរោងចក្រដែកថែបមួយនេះ គឺជាក្រុមអ្នកប្រយុទ្ធ មកពីកងវរសេនាធំអាហ្សូវ ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្ដាំនិយមជ្រុលអ៊ុយក្រែន កាលពីឆ្នាំ២០១៤ និងដែលលោក ពូទីនចាត់ទុកថាជា «ពួកណាហ្ស៉ីសម័យថ្មី»។

ក្រុមមន្ត្រីនៅក្នុងប្រទេសរុស្ស៉ី និងនៅក្នុងតំបន់ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៉ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន បានអំពាវនាវឱ្យមានសវនាការកាត់ទោស ក្រុមអ្នកប្រយុទ្ធអាហ្សូវ (Azov) ហើយភ្លាមៗក្រោយការប្រកាសពីជោគជ័យទាំងស្រុងលើរោងចក្រ Azovstal ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៉ីក៏បានអំពាវនាវ ផងដែរឱ្យតុលាការកំពូល ប្រកាសចាត់ទុកជាផ្លូវការថា «កងវរសេនាធំអាហ្សូវ» គឺជាអង្គការភេរវកម្ម។ ប៉ុន្តែវិមានក្រឹមឡាំងត្រូវបានគេរំពឹងថាអាចនឹងដំណើការ សវនាការកាត់ទោសនៅក្នុងតំបន់ ដូណេត (Donetsk) និងលូហាន (Luhansk) គ្រប់គ្រងដោយក្រុមផ្ដាច់ទឹកដី ដែលអនុវត្តទោសប្រហារជីវិត ហើយ ច្បាស់ណាស់ នេះនឹងក្លាយជាការឃោសនារបស់វិមានក្រឹមឡាំងទៅកាន់ប្រជាជន និងឥស្សរជននយោបាយនៅក្នុងប្រទេសរុស្ស៉ីថា លោក ពូទីន សម្រេចបាន គោលដៅធ្វើបដិណាហ្ស៊ីនីយកម្មនៅអ៊ុយក្រែន តាមការសន្យា។ ក៏ប៉ុន្តែតើថាលោក ពូទីន មានគោលដៅអ្វីផ្សេងទៀតដែរឬទេ នៅក្នុងសង្រ្គាមអ៊ុយក្រែន?

ខណៈបណ្ដាប្រទេសលោកខាងលិចនាំគ្នាគិតថាលោក ពូទីន មានបំណងគ្រប់គ្រងអ៊ុយក្រែនទាំងមូល, វិមានក្រឹមឡាំងបានអះអាងថាមិនមានបំណងដូច្នេះទេ តែបានប្រកាសជាសាធារណៈថាខ្លួននឹងរំដោះទាំងស្រុងនូវតំបន់ដុនបាស់ នៃភាគខាកើតប្រទេសអ៊ុយក្រែន ដែលក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ីគ្រប់គ្រង ទឹកដីបានត្រឹមតែមួយផ្នែកប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០១៤មក។ ការវាយលុករបស់រុស្ស៉ី នាពេលបច្ចុប្បន្ននៅក្នុងតំបន់ដុនបាស់ ត្រូវបានគេរាយការណ៍ថា មានភាពរីកចម្រើនទៅមុខតិចតួច តែក្នុងល្បឿនមួយថេរ ខណៈអ៊ុយក្រែនព្រមានថារុស្ស៉ីនឹងប្រើ «តាក់ទិកសង្រ្គាមឡោមព័ទ្ធ» ដូចដែលខ្លួនធ្លាប់បានធ្វើក្នុង សង្រ្គាមដំណាក់កាលទី១ ជាពិសេសដូចនៅរោងចក្រ Azovstal នៃទីក្រុងម៉ារីយូប៉ូល។

នៅក្រោមគំនិតរបស់អ្នកជាតិនិយមរុស្ស៉ី, គ្រប់ទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៉ីគ្រប់គ្រង ក្រៅពីតំបន់ដូណេត និងលូហាន គឺគ្រាន់តែជា «រង្វាន់បន្ថែម ឬ bonus» តែប៉ុណ្ណោះ។ បានន័យថាវិមានក្រឹមឡាំង ក៏មិនចង់បានទឹកដីអ៊ុយក្រែនណាផ្សេង ក្រៅតែពីតំបន់ដុនបាស់ ដើម្បីយកទៅប្រាប់ប្រជាជនរុស្ស៉ីថាខ្លួនបានសម្រេច គោលដៅ និងប្រកាសពីជ័យជម្នះនោះដែរ។ ជាឧទាហរណ៍ ការដួលរលំទីក្រុងម៉ារីយូប៉ូល ធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃទាហានរុស្ស៉ីគឺជា bonus នៃគោលដៅ របស់លោក ពូទីន។

គួរបញ្ជាក់ថា តាមរយៈការគ្រប់គ្រងទីក្រុងម៉ារីយូប៉ូល, រុស្ស៉ីនឹងមានច្រករបៀងមួយតភ្ជាប់ទៅកាន់តំបន់គ្រីមៀ (Crimea) ដែលទីក្រុងមូស្គូ បានក្រសោបយកពី អ៊ុយក្រែន កាលពីឆ្នាំ២០១៤ ហើយវានឹងជួយឱ្យរុស្ស៉ីបិទបញ្ចប់ការខ្វះខាតទឹក និងថាមពលប្រើប្រាស់ដែលត្រូវបានរារាំងខ្ទប់ដោយអ៊ុយក្រែន អស់ជាច្រើនឆ្នាំ មកនេះ ពោលគឺអំណេះតទៅ ប្រឡាយទឹកដែលតភ្ជាប់ទន្លេឌីនីភឺ (Dnieper) ទៅកាន់តំបន់គ្រីមៀ នឹងធ្លាក់ចូលក្នុងដៃរបស់រុស្ស៉ី។ ការភ្ជាប់ផ្លូវទៅកាន់តំបន់ គ្រីមៀ ត្រូវបានក្រុមអ្នកជំនាញយល់ថាជាផែនការដើមរបស់លោក ពូទីន នៅក្នុងសង្រ្គាមអ៊ុយក្រែន។

ជាការពិតណាស់ មកទល់នឹងបច្ចុប្បន្ន, អ្វីដែលមនុស្សទូទៅបានដឹងនោះគឺ នៅក្នុងសង្រ្គាមដំណាក់កាលទី១ រុស្ស៉ីបានបរាជ័យមិនអាចវាយចូលទីក្រុងកៀវ និង បរាជ័យក្នុងការឡោមព័ទ្ធ ខាកៀវ (Kharkiv) ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន។ ប៉ុន្តែ មានមនុស្សតិចតួចណាស់នាំគ្នាឆ្ងល់ ឬចោទសួរថាតើបរាជ័យនេះ អាចជាផ្នែកមួយនៃផែនការបង្វែរចំណាប់អារម្មណ៍ទាហានអ៊ុយក្រែន ខណៈរុស្ស៉ីកំពុងបង្កើតផ្លូវតភ្ជាប់ទៅកាន់តំបន់គ្រមៀដែរ ឬក៏យ៉ាងណា នោះទេ។ ប្រសិនបើ សង្រ្គាមបញ្ចប់ទៅដោយរុស្ស៉ីអាចគ្រប់គ្រងតំបន់ដុនបាស់ទាំងស្រុង បូកបន្ថែមពីលើការបង្កើត និងគ្រប់គ្រងច្រកផ្លូវរបៀងតភ្ជាប់ទៅកាន់តំបន់គ្រីមៀបានមែន នោះវានឹងគ្រប់គ្រាន់ឱ្យលោក ពូទីន ប្រកាសពីជ័យជម្នះ។

ក៏ប៉ុន្តែ បើចង់បានជ័យជម្នះដ៏រឹងមាំមួយ ថ្នាក់ដឹកនាំរុស្ស៉ី រួមទាំងលោក ពូទីន ប្រហែលជាដឹងយ៉ាងច្បាស់ថាទាល់តែធ្វើឱ្យអ៊ុយក្រែនយល់ព្រមទទួលយក បទឈប់បាញ់ ឬកិច្ចព្រមព្រៀងណាមួយជាមុនសិន ក្នុងបរិបទដែលគ្មាននរណាម្នាក់អាចដឹងថាតើរុស្ស៉ីនឹងធ្វើសង្រ្គាមនេះយូរប៉ុនណា? ហើយអ៊ុយក្រែន អាចទប់ទល់បានយូរប៉ុនណា? រីឯលោកខាងលិចនឹងបន្តជួយអ៊ុយក្រែនយូរប៉ុនណាដែរ នោះឡើយ៕

ប្រភព៖ Al Jazeera (ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២)