(ម៉ានីល)៖ សភាហ្វីលីពីន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសទទួលស្គាល់ជាផ្លូវការថាលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានទទួល ជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ ហើយលោកនឹងក្លាយជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

ការប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក Ferdinand Marcos Jr ធ្វើឡើងនៅក្នុងសម័យប្រជុំរួមនៃសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាហ្វីលីពីន ហើយ តាមរយៈការទទួលស្គាល់នេះដែរ បុរសវ័យ ៦៤ឆ្នាំរូបនេះដែលមានរហស្សនាមថា «Bongbong» នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនជំនួស លោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលផុតអាណត្តិ។ លោក Marcos Jr នឹងត្រូវឡើងកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ រហូតដល់ឆ្នាំ២០២៨ ដោយមាន កូនស្រីរបស់លោក ឌូតើតេ គឺលោកស្រី សារ៉ា ឌូតើតេ ខាពីយ៉ូ (Sara Duterte-Carpio) ជាអនុប្រធានាធិបតីរបស់លោក។

គួរបញ្ជាក់ថា លោក Ferdinand Marcos Jr ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ ដោយទទួលបានសំឡេងគាំទ្រពីប្រជាជនហ្វីលីពីន ៣១.៦លាននាក់ ឬស្មើនឹង ៥៨.៧៧ភាគរយ៕