(អង់ការ៉ា)៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតូកគី លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងអង់ការ៉ា បានសង្កេតឃើញមានភាពវិជ្ជមាន សំដៅឆ្ពោះទៅរកការដកបម្រាមនាំចេញអាវុធរបស់ហ្វាំងឡង់ និង ស៊ុយអែត កំលុងកិច្ចពិភាក្សាជាមួយក្រុមគណៈប្រតិភូនៃប្រទេសទាំងពីរ ដែលកំពុងដាក់ពាក្យសុំចូលជាសមាជិក របស់អង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

ស៊ុយអែត និង ហ្វាំងឡង់ បានហាមឃាត់ការនាំចេញអាវុធទៅកាន់ប្រទេសតូកគី បន្ទាប់ពីទីក្រុងអង់ការ៉ាបានបើកប្រតិបត្តិការ ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ YPG នៅក្នុងប្រទេសស៊ីរី។ លោក កាលីន បានលើកឡើងយ៉ាងដូច្នេះថា «យើងបានឃើញអាកប្បកិរិយាវិជ្ជមាន ចំពោះការដកបម្រាមទាក់ទងនឹងបរិក្ខារការពារជាតិ ដែលនេះជាជំហាននៃការអភិវឌ្ឍដ៏ប្រសើរមួយ»។ ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក កាលីន ក៏បានលើកឡើងផងដែរថា បញ្ហានៃការព្រួយបារម្ភអំពីអំពើភេរវកម្មរបស់តួកគី និងការរំពឹងទុកអំពីចំណាត់ការរឹងមាំ គឺត្រូវបានជម្រាបឱ្យសមភាគីយើងបានដឹងរួចរាល់ហើយ។

គួរបញ្ជាក់ថា ហ្វាំងឡង់ និង ស៊ុយអែត បានស្នើសុំចូលជាសមាជិករបស់អង្គការ NATO ក្រោយសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនផ្ទុះឡើង ប៉ុន្តែតួកគីបានបង្ហាញជំហរជំទាស់ដោយលើកហេតុផល ថាប្រទេសទាំងពីរមានទំនាក់ទំនងជាមួយក្រុមជីវពល ឃើដ ព្រមទាំងក្រុមអ្នកគាំទ្របុព្វជិត ហ្វេតធូលឡា ហ្គូលេន (Fethullah Gulen) ដែលទីក្រុងអង់ការ៉ាចោទថា ជាអ្នកនៅពីក្រោយ ការធ្វើរដ្ឋប្រហារបរាជ័យ កាលពីឆ្នាំ២០១៦៕