(វ៉ាស៉ីនតោន)៖ យានសម្រាប់ដឹកអវកាសយានិក ដែលអភិវឌ្ឍដោយក្រុមហ៊ុន Boeing បានចុះមកដល់រដ្ឋ New Mexico របស់អាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយត្រឡប់មកពីស្ថានីយអវកាសអន្តរជាតិ ISS ខណៈវាគឹជាការធ្វើតេស្តហោះហើរយ៉ាងសំខាន់មួយ ដើម្បីឱ្យយានអវកាសនោះ ឈានទៅក្លាយជា យានជំនិះថ្មីបន្ទាប់ទៀត របស់ទីភ្នាក់ងារអវកាស NASA សម្រាប់ការងារដឹកជញ្ជូន អវកាសយានិកឡើងទៅកាន់លំហអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

យាន CST-100 Starliner ត្រូវបានបង្ហោះឡើងទៅកាន់ស្ថានីយ ISS កាលពីជិតមួយសប្តាហ៍មុន។ វាបានចុះមកដល់លើវាលខ្សាច់ នៃមជ្ឈមណ្ឌលអវកាស White Sands Space Harbor ក្នុងរដ្ឋ New Mexico ដោយប្រើឆ័ត្រយោង កាលពីវេលាយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់ នៅសហរដ្ឋអាមេរិក)។ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Boeing ធ្លាប់បានធ្វើតេស្តស្រដៀងគ្នាជាលើកដំបូង ម្តងរួចមកហើយ ប៉ុន្តែវាបានទទួលបរាជ័យ ក្រោយយានអវកាសនោះ ជួបបញ្ហាផ្នែកប្រព័ន្ធគ្រប់គ្រងរបស់វា។

បេសកកម្មសាកល្បងដោយពុំមានមនុស្សជិះខាងលើនេះ គឺជាការបោះជំហានធំមួយ សម្រាប់ដំណើរការអភិវឌ្ឍរបស់យាន Starliner ដែលកន្លងមក បានជួបប្រទះបញ្ហាពន្យារពេលជាច្រើនលើក ហើយបានអូសបន្លាយការចំណាយកាន់តែច្រើនឡើងនោះ ដើម្បីឆ្ពោះទៅរកការក្លាយជា មធ្យោបាយគួរឱ្យទុកចិត្តទី២ សម្រាប់ NASA ក្នុងការបញ្ជូនក្រុមអវកាសយានិករបស់ខ្លួន ឡើង-ចុះស្ថានីយ ISS។

គួរបញ្ជាក់ថា តាំងពីការចាប់ផ្តើមបញ្ជូនអវកាសយានិក ចេញពីទឹកដីអាមេរិកផ្ទាល់ជាថ្មីវិញ ឡើងទៅទីអវកាស កាលពីឆ្នាំ២០២០ គឺលែងប្រើប្រាស់យាន Soyuz តទៅទៀត ទីភ្នាក់ងារអវកាស NASA បានពឹងផ្អែកលើរ៉ុក្កែត Falcon 9 និងយាន Crew Dragon របស់ក្រុមហ៊ុនអាមេរិក SpaceX សម្រាប់ជាមធ្យោបាយធ្វើដំណើរតែមួយគត់៕