(ឡុងដ៍)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ ឧសភា) ថា លោកខាងលិចជាអ្នកទទួលខុសត្រូវចំពោះវិបត្តិស្បៀងអាហារ ដែលកើនឡើងដោយសារតែបញ្ហាដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក ហើយទាមទារឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលុបចោលនូវអ្វីដែលហៅថា ទណ្ឌកម្មខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ក្រៅពីការស្លាប់និងការបំផ្លិចបំផ្លាញយ៉ាងច្រើន ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ការប៉ុនប៉ងរបស់បស្ចិមលោក ដើម្បីដាក់រ៉ុស្ស៉ីឱ្យនៅឯកោ តាមរយៈការដាក់ទណ្ឌកម្មនានាបានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ ជី និងថាមពលកើនឡើងយ៉ាងគំហុក ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។

អង្គការសហប្រជាជាតិដែលនិយាយថា វិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ កំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលដើម្បីរំដោះគ្រប់ធញ្ញជាតិរបស់អ៊ុយក្រែន ខណៈមេដឹកនាំលោកខាងលិចបានស្តីបន្ទោសរុស្ស៊ី ចំពោះបិទច្រកសមុទ្រដែលបង្កឲ្យមានវិបត្តិនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការចោទប្រកាន់ទាំងនោះ ហើយបាននិយាយថា លោកខាងលិចទើប ត្រូវស្តីបន្ទោសចំពោះស្ថានភាពនេះ។

លោក Peskov បានបន្តថា «ពួកគេ (លោកខាងលិច) ត្រូវតែលុបចោលការសម្រេចចិត្តខុសច្បាប់ទាំងនោះ ដែលហាមឃាត់ការជួលនាវា ហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិ និងអ្វីៗផ្សេងទៀត....ដូច្នេះការផ្គត់ផ្គង់នឹងងើបសន្ទុះឡើងវិញ»